ចម្លាក់ដីស្នាដៃកូនខ្មែរ ដែលល្បីពេញ Youtube អាចត្រូវលុបចោលវិញព្រោះមូលហេតុមួយ
ចម្លាក់ដីដែលល្បីពេញ Youtube ឆាណែលឈ្មោះ Leurt Wildernessហើយនិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនតាមពិតជាស្វាដៃកូនខ្មែរយើងនៅក្នុងខេត្តសៀមរាប។
បុរសម្នាក់ឈ្មោះថា ពាញ ស៊ីថា និងកូនប្រុសរបស់លោក បានប្រើប្រាស់ដីឥដ្ឋមកឆ្លាក់ជាបន្ទប់គេងមានគ្រែ តុ កៅអី ប្រៀបបាននឹងផ្ទះអភិជន អមជាមួយក្បាច់លើជញ្ជាំងយ៉ាងស្រស់ស្អាត។ ចម្លាក់នៃបន្ទប់គេងមួយនេះបានធ្វើឡើងនៅទីតាំងព្រៃសហគមន៍គោកតឹង ស្រុកសូត្រនិគម ខេត្តសៀមរាប។
តាមការឲ្យដឹងពីម្ចាស់ស្នាដៃផ្ទាល់បានបញ្ជាក់ថាសមិទ្ធផលមួយនេះគឺជាគំនិតច្នៃប្រឌិតដោយការសង្កេតពីគញនាទៅវិញទៅមក បូករួមនឹងគំនិតច្នៃប្រឌិតខ្លួនឯងផង ទើបអាចចេញជារូបរាងទាំងស្រុង។ លោកក៏បានបញ្ជាក់ផងដែរថា លោកមិនធ្លាប់រៀនចម្លាក់ឡើយ ហើយចម្លាក់ដីនេះបានប្រើប្រាស់កម្លាំងពលកម្មមនុស្សសុធសាធដោយលោកបានជួលមនុស្ស៩នាក់ និងបែងចែកជា២ក្រុម ដោយផ្ដល់ប្រាក់កម្រៃថ្លៃពលកម្មឲ្យជាប្រចាំផងដែរ។
ចម្លាក់ដីនេះត្រូវការប្រភេទដីឥដ្ឋមិនមានលាយល្បាយខ្យាច់ ឬថ្មទើបអាចឆ្លាក់ចេញជារូបរាងរស់រវើកបាន ហើយការងារនេះត្រូវចំណាយពេលពី១ ខែទៅ២ខែក្នុង១រណ្ដៅ។ លោក ស៊ីថា បានបន្ថែមថា ការពិតចម្លាក់ដីនេះលោកគ្រាន់តែច្នៃប្រឌិតដើម្បីធ្វើអាជីវកម្មលើ Youtube ប៉ុណ្ណេាះ ដោយខ្ចីដីគេបណ្ដោះអាសន្ន ក្រោយថតចប់ លោកនឹងលុបដីឲ្យស្អាតសងទៅម្ចាស់គេវិញ៕