Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណើរផ្សងព្រេងឡើងកំពូលភ្នំសំកុស

[ភ្នំសំកុស (ភ្នំខ្មោច) គោលដៅបន្ទាប់សំរាប់អ្នកចូលចិត្តការផ្សងព្រេងជាមួយធម្មជាតិ]

ដឹងអត់? ភ្នំសំកុសជាភ្នំមួយដែលស្ថិតនៅតំបន់ជួរភ្នំក្រវ៉ាញ ស្ថិតក្នុងស្រុកវាលវែល ខេត្តពោធិ៍សាត់ ដែលជាភ្នំខ្ពស់លំដាប់លេខ 2 ក្នុងប្រទេសកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ ។ ភ្នំសំកុសមានកំពស់ 1751m ដែលគ្រប់ដណ្តប់ដោយព្រៃឈើធំៗ ក្រាស់ៗ និង សំបូរទៅដោយសត្វព្រៃជាច្រើនប្រភេទផងដែរ ។ ដោយសារតែមិនទាន់មានភ្ញៀវទេសចរណ៍ទៅដល់ច្រើន ភ្នំសំកុសអាចជាគោលដៅទេសចរណ៍ដ៏សាកសមសំរាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ ចូលចិត្តការផ្សងព្រេង និង ផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ។ ថ្ងៃនេះដៀវ នឹងចែករំលែកនូវបទពិសោធន៍ដ៏ពិសេសមួយនេះ ដែលដៀវបានទៅកាលពីសប្តាហ៍មុន ជាមួយ​ Der Prey – ដើរព្រៃ

ពីភូមិទៅកំពូលភ្នំមានចំងាយ 17 គីឡូម៉ែត ប៉ុន្តែយើងអាចជិះម៉ូតូឡើងបានរហូតដល់ចង្កេះភ្នំដែលកាត់បន្ថយចំងាយប្រមាណ 9គីឡូម៉ែតដែរ ប៉ុន្តែផ្លូវត្រូវជិះកាត់ព្រៃ កាត់អូរ ឡើងទួល ចុះទួល ហើយជំរាលភ្នំំកន្លែងខ្លះគឺចោទខ្លាំងមែនទែន។ សំរាប់ខែវស្សាកាន់តែបន្ថែមឧបសគ្គមួយកំរិតទៀត ដោយសារតែផ្លូវរអិល។ សំរាប់ការឡើងភ្នំដោយម៉ូតូ យើងអាចទាក់ទងទៅខាងសហគមន៍ដើម្បីអោយពួកគាត់ដឹកឡើងបាន ដោយហេតុថា ម៉ូតូពួកគាត់សាកសមសំរាប់ផ្លូវ ម្យ៉ាងពួកគាត់ដឹងតិកនិក និង ភូមិសាស្ត្រផ្លូវប្រសើរជាង !

ការឡើងភ្នំលើកនេះ គឺពិតជាប្លែកខុសពីលើកមុន! តាមដងផ្លូវសុទ្ធតែព្រៃ និង មានទឹកតិចតួចដោយកន្លែងទៅជានេះជាខែវស្សាក៏ដោយ ។ ពួកយើងបានរៀបចំជំរុំស្នាក់នៅសំរាប់ 2 យប់នៅចង្កេះភ្នំដែលមានប្រភពទឹកតូចមួយនៅជិតនោះ !ការរៀបចំជំរុំគឺពិតជាទាមទារនូវ Survival Skill ខ្លាំង ប៉ុន្តែដោយសារពួកយើងមានបងបងសហគមន៍ទៅជាមួយ ពួកគាត់គឺរៀបចំយ៉ាងលឿន។ ប្រក់តង់ រៀបចំកន្លែងចងអង្រឹងសំរាប់មនុស្ស ជាង 15 នាក់ និង រៀបចំចំអិនដាំបាយ បង្កាត់ភ្លើងភ្លាមៗ ។ ចំនែកពួកយើងក៏រៀបចំធ្វើម្ហូបម្ហាជុំគ្នាផងដែរ ។ សំរាប់ខ្ញុំគឺពិតជាមានអារម្មណ៍ប្លែក មែនទែន ដែលតាមផ្លូវសុទ្ធតែព្រៃមិនដឹងជាចងអង្រឹងកន្លែងណា បានប្រែក្លាយជាជុំរំស្នាក់នៅ ក្នុងរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះ !

និយាយពីការឡើងទៅកំពូលភ្នំវិញ ចំងាយប្រមាណ 8 គីឡូម៉ែត ប៉ុណ្ណោះពីជំរុំ ប៉ុន្តែពួកយើងចំនាយពេលវែងគួរសម គឺប្រមាណ 12 ម៉ោងទាំងទៅទាំងមក ដោយសារផ្លូវឡើងមានលក្ខណៈលំបាក រអិល ចោទខ្លាំង ដែលភាគច្រើនចោទ ប្រមាណពី 70 ទៅ 80ដឺក្រេ ហើយមានកន្លែងខ្លះត្រូវតោងថ្ម តោងវល្លិឡើងតែម្តង បូកផ្សំជាមួយមានភ្លៀងធ្លាក់ទៀត ការឡើងកាន់តែលំបាក ។ ប៉ុន្តែអ្វីដែលពិសេស គឺតាមផ្លូវឡើង យើងនឹងដើរកាត់ព្រៃក្រាស់ ជាមួយនឹងដើមឈើធំៗ ប្លែកភ្នែក ប្លែកអារម្មណ៍ ដែលធ្វើអោយយើងមានអារម្មណ៍ថា នេះជាការផ្សងព្រេងពិតៗ ។ លើសពីនេះ តាមផ្លូវយើងនឹងបានប្រទះនូវលាមកសត្វព្រៃពិតៗ ដែលវាជាភស្តុតាងបង្ហាញថា នេះជាដែនជំរកសត្វព្រៃពិតៗ ដែលពុំទាន់មានការរំខានពីមនុស្សច្រើននៅឡើយ។ ដើរកាត់ព្រៃ ឡើងចុះភ្នំ រុក្ខជាតិតូចធំ ជាមួយនឹងអ័ព្ទធ្លាក់ចុះក្នុងព្រៃពេលភ្លៀង ធ្វើអោយការដើរព្រៃមួយនេះកាន់តែពិសេស។ អ្វីដែលជាឧបសគ្គចំបងមួយទៀត គឺសត្វទៀកដែលសំបូរ នៅតាមផ្លូវឡើងទៅលើកំពូលភ្នំ ។ ប៉ុន្តែកុំភ័យ ស្លៀកពាក់អោយបានជិតៗ និងមានស្ព្រៃការពារទៀក គឺអាចជួយបាន ! តែទោះជាយ៉ាងណា ឱកាសនៃការទៀកខាំ ក៏នៅមានអញ្ចឹងសូមត្រៀមចិត្ត។ និយាយទៅវាលំបាកណាស់ ទំរាំឡើងដល់កំពូល ប៉ុន្តែអារម្មណ៍ដ៍អស្ចារ្យមួយ នឹងផ្តល់មកយើងវិញពេលដែលយើងជំនះរាល់ឧបសគ្គបាន នឹង បានឈរនៅលើកំពូលដែលខ្ពស់ជាងគេលំដាប់ទី 2 ក្នុងស្រុកខ្មែរ ។ កំពូលភ្នំសំកុស មិនមានទេសភាពអស្ចារ្យស្អាតដូចនៅភ្នំផ្សេងៗទេ តែអាចជាទីតាំងដ៏សមស្របមួយសំរាប់អ្នកដែលចង់ជំនះលើភាពទន់ខ្សោយរបស់ខ្លួន និង ចង់ផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ។ ដៀវពិតជាណែនាំសំរាប់អ្នកដែលស្រលាញ់ការឡើងភ្នំ និង ស្រលាញ់ធម្មជាតិ អោយសាកល្បងទៅទីនោះ ! ប៉ុន្ទែគួរទៅជាមួយអ្នករៀបចំដែលមានបទពិសោធន៍ ដូចជា @Der Prey ៕

សំរាប់ព័ត៌មានលំអិត សូមចូលមើលតាមរូបនិមួយៗដែល ដៀវនឺងរ៉ាយរ៉ាប់បន្ថែម! នៅអត្ថបទក្រោយ ដៀវនឹងប្រាប់អ្នកទាំងអស់គ្នាពីរឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងភ្នំសំកុស រឺភ្នំខ្មោចនេះ!

ម៉េចដែរ ចាប់អារម្មណ៍ទេភ្នំសំកុស?















from: https://tnaot.com/km/m/detail/article/9429366