ផ្នត់គំនិតរបស់អ្នកជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឱកាសក្នុងការក្លាយជាមហាសេដ្ឋី ប៉ុន្តែអ្នកក៏ត្រូវមាននូវសកម្មភាពដែលជួយឲ្យអ្នកក្លាយជាមហាសេដ្ឋីដែរ ។ លោក ឃីត ខាមើរ៉ូន ស្មីត (Keith Cameron Smith) ដែលបានចំណាយពេលពីរឆ្នាំសិក្សាពីមហាសេដ្ឋី បានចែករំលែកនូវអ្វីដែលមហាសេដ្ឋីភាគច្រើនធ្វើខុសពីមនុស្សថ្នាក់កណ្តាលទូទៅ ។
១. មហាសេដ្ឋីចូលចិត្តនិយាយពីគំនិត មិនមែនសម្ភារៈទេ
រថយន្ត ភាពយន្ត និងរឿងទាក់ទិននឹងមនុស្សដទៃមិនទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ ។ ផ្ទុយមកវិញ ពួកគេភាគច្រើនផ្តោតស្មារតីលើគំនិតធំៗសម្រាប់ថ្ងៃអនាគតច្រើនជាងអ្វីដែលកំពុងតែកើតមានឡើងក្នុងពេលបច្ចុប្បន្ន ។
លោក ស្មីត បានបន្ថែមទៀតថា «មហាសេដ្ឋីជាមនុស្សដែលមានគំនិតច្នៃប្រឌិត ។ ពួកគេចំណាយពេលគិតពីគំនិតថ្មីៗ ។ ព្រោះពួកគេដឹងថាគំនិត គឺជាទ្រព្យសម្បត្តិដែលមានតម្លៃជាងគេលើលោក» ។«ដើម្បីក្លាយជាអ្នកជោគជ័យ អ្នកត្រូវតែបន្តពង្រីកគំនិតរបស់អ្នកជានិច្ច ។ ក្នុងពិភពលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរ អ្នកត្រូវតែចំណាយពេលគិតពីវិធីថ្មីៗក្នុងការធ្វើអ្វីមួយ» ។
២. មហាសេដ្ឋីធ្វើអ្វីដែលមានហានិភ័យដោយប្រុងប្រយ័ត្ន
ក្នុងពេលដែលមនុស្សថ្នាក់កណ្តាលមិនចូលចិត្តធ្វើអ្វីដែលខុសពីទម្លាប់របស់ខ្លួន មហាសេដ្ឋីចូលចិត្តសាកល្បងអ្វីដែលថ្មីៗ ។ មនុស្សថ្នាក់កណ្តាលរស់នៅដោយពោរពេញទៅដោយការភ័យខ្លាចហានិភ័យ ។ ប៉ុន្តែមហាសេដ្ឋីមិនមែនមិនខ្លាចហានិភ័យទាំងស្រុងទេ ផ្ទុយមកវិញ ពួកគេប្រឈមមុខនឹងវាដោយប្រើប្រាស់ចំណេះដឹង ។ ពួកគេអប់រំខ្លួនឯងជាមុនសិនមុនពេលធ្វើអ្វីមួយដែលមានហានិភ័យខ្ពស់ ហើយពួកគេពិចារណាពីលទ្ធផលនៃការបរាជ័យផងដែរ ។
៣. មហាសេដ្ឋីបង្កើតប្រភពចំណូលច្រើន
ពេលដែលអ្នកមានប្រភពចំណូលកាន់តែច្រើន អ្នកក៏មានឱកាសរកចំណូលបានកាន់តែច្រើនដែរ ។ ប៉ុន្តែដើម្បីធ្វើដូចនេះបាន អ្នកត្រូវតែបោះបង់គំនិតមួយដែលភាគច្រើនរាំងស្ទះមនុស្សថ្នាក់កណ្តាល នោះ គឺអ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ។ មហាសេដ្ឋីគិតថាពួកគេអាចរកបានមនុស្សដែលអាចធ្វើបានប្រសើរជាងពួកគេទៅទៀត ។ ក្រៅពីនេះហើយ មហាសេដ្ឋីជាមនុស្សដែលគិតពីរូបភាពធំ ដោយមិនអនុញ្ញាតឲ្យរឿងតូចតាចប៉ះពាល់ដល់ពួកគេ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព