រាជធានីភ្នំពេញ ៖ កីឡាការិនីតេក្វាន់ដូ WT កម្រិតខ្សែក្រវាត់ខ្មៅពីរដាន់ កញ្ញា លី គីមអាន បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ក្រោយត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍CAMSOC ជ្រើសរើសឲ្យក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគូរូបតុក្កតា(Mascot)តំណាងស៊ីហ្គេមឆ្នាំ២០២៣ ដែលមានបេក្ខជនជាច្រើនរូបចូលរួម ។
ក្រៅពីទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥ពាន់ដុល្លារ កញ្ញា លី គីមអាន ត្រូវបាន CAMSOC តែងតាំងឲ្យធ្វើជាទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាអ្វីដែលកីឡាការិនីរូបនេះស្រមៃ ។ សម្រាប់តំណែងជាទូតសុច្ឆន្ទៈនេះ នាងអាចចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
លើសពីនេះ នាងអាចត្រូវបាន CAMSOC បញ្ជូនទៅចូលទស្សនាការប្រកួតស៊ីហ្គេមនៅក្រៅប្រទេស ឬផ្សព្វផ្សាយពីកីឡាស៊ីហ្គេមរបស់កម្ពុជាជាដើម ។ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មរូបនេះប្តេជ្ញាថា នាងនឹងជួយផ្សព្វផ្សាយពីកីឡាស៊ីហ្គេមរបស់កម្ពុជាដោយរីករាយ បើថ្នាក់ដឹកនាំ CAMSOC ត្រូវការ។
រូប Mascot ដែលជួយឲ្យកញ្ញា លី គីមអាន ទទួលបានជ័យលាភី គឺរូបសុភាទន្សាយពីរដែលគ្រងសម្លៀកបំពាក់គុនល្បុក្កតោ ដែលជាក្បាច់គុនរបស់បុព្វបុរសខ្មែរ ។ តួអង្គទន្សាយឈ្មោលឈ្មោះ បុរី ដៃស្តាំកាន់ភ្លើងគប់ បង្ហាញពីការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈ
តួអង្គទន្សាយញីឈ្មោះ រំដួល ដៃទាំងពីរលើកសំពះដើម្បីបង្ហាញពីការស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងអត្តពលិកអន្តរជាតិ ដែលមកចូលរួមការប្រកួតកីឡាស៊ីហ្គេមរបស់កម្ពុជា។
កីឡាការិនីតេក្វាន់ដូ WT រូបនេះ អះអាងថា ភាពជោគជ័យនេះមិនមែនកើតឡើងពីគំនិត
ផ្ទាល់ខ្លួនរបស់នាងតែម្នាក់ឯងនោះទេ គឺមានការរួមចំណែកនិងផ្តល់គំនិតពីមិត្តភក្តិ និងផ្តល់កម្លាំងចិត្តពីក្រុមគ្រួសារ ។ នាងបានបន្ថែមថា មុនសម្រេចជ្រើសរើសយករូបនេះ CAMSOC បានឲ្យខ្លួនកែប្រែជាច្រើនលើកច្រើនសាពាក់ព័ន្ធសម្លៀកបំពាក់ និងកាយវិការ។ នេះជាលើកទី១ហើយសម្រាប់កញ្ញា លី គីមអាន ដែលបានទទួលជ័យលាភីក្នុងការប្រកួតគូរូប ដ្បិតនាងមិនធ្លាប់ចូលរួមប្រកួតបែបនេះកន្លងមកនោះទេ ។ ប៉ុន្តែនាងធ្លាប់ដណ្តើមបានមេដាយថ្នាក់ជាតិជាច្រើនក្នុងការប្រកួតកីឡាតេក្វាន់ដូ WT ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព