ប៉ូលិសនៃទីក្រុង Pattaya ដើរល្បាតអាជីវកម្មក្នុងតំបន់ Soi Buakhao យ៉ាងតិចបីដងក្នុងមួយសប្តាហ៍និងបានក្រើនរំឮកដល់ម្ចាស់អាជីវកម្មឱ្យធ្វើតាមច្បាប់ដែលបានកំណត់ដោយរដ្ឋាភិបាលថៃទាក់ទងនឹងបទប្បញ្ញត្តិមេរោគកូវីដ-១៩។
លោកវរសេនីយ៍ទោ Nithat នាយរងប៉ុស្តិប៉ូលិសក្រុង Pattaya បានដឹកនាំក្រុមប៉ូលិស អ្នកសារព័ត៌មាន និងភ្នាក់ងារពាក់ព័ន្ធក្នុងពេលដែលពួកគេបានទៅល្បាតផ្នែកខ្លះនៃតំបន់ Soi Buakhao និងផ្សារ Tree Town។ លោក Nithat បានបញ្ជាក់ថារដ្ឋាភិបាលកំពុងរៀបចំវិធានការជំហានទី៥ ដើម្បីបន្ធូរបន្ថយច្បាប់រឹតបន្តឹងនៅកន្លែងកម្សាន្តដូចជា ហាងស្រា បារ និងខារ៉ាអូខេ។ គម្រោងនេះនឹងធ្វើការប្រកាសនៅថ្ងៃចន្ទសប្តាហ៍ក្រោយដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩។
ទោះជាយ៉ាងណាក៏ដោយ លោកវរសេនីយ៍ទោ Nithat បានបញ្ជាក់យ៉ាងច្បាស់ថា ប៉ូលិសនឹងនៅតែបន្តបំបែកក្រុមមនុស្សដែលប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅតាមទីសាធារណៈ ឬមិនរក្សាគម្លាតពីគ្នា។ ប៉ូលិសបានបញ្ជាក់ថាផ្សារTree Town បានអនុវត្តយ៉ាងត្រឹមត្រូវជាមួយនឹងវិធានការនានាដោយមានការត្រួតពិនិត្យអនាម័យត្រឹមត្រូវ និងដាក់របាំងសម្រាប់នៅជុំវិញផ្សារដើម្បីរារាំងការប្រមូលផ្តុំនានា។ បារ និងកន្លែងកម្សាន្តផ្សេងៗត្រូវបានបិទនៅទីក្រុង Pattaya ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news