យោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លិប Inter កំពុងត្រៀមចុះហត្ថលេខាលើខែ្សការពារ Achraf Hakimi ពីក្លិប Real Madrid នៅរដូវក្តៅនេះ។
បើតាមប្រភពព័ត៌មាន Sky Sport បានអះអាងថា ក្លិប Real Madrid យល់ព្រមទទួលសំណើ ៤៥លានអឺរ៉ូ ឬប្រមាណ ៥០លានដុល្លារ របស់ក្លិប Inter ក្នុងការផ្ទេរខែ្សការពារ Hakimi នៅរដូវក្តៅនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា Hakimi នឹងផ្លាស់ទៅចូលរួមជាមួយ Inter នៅរដូវកាលក្រោយ ដោយចុះកុងត្រារយៈពេល ៥ឆ្នាំតែម្តង។
យ៉ាងណាមិញមកទល់នឹងពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយចេញពីប្រភពផ្លូវការក្លិបទាំងពីរនៅឡើយទេ ប៉ុន្តែគេមានការរំពឹងថា ក្លិប Real Madrid នឹងប្រកាសពីការចាកចេញរបស់កីឡាករ Hakimi ឆាប់ៗនាពេលខាងមុខ។ គួរឱ្យដឹងដែថា ខ្សែការពារអន្តរជាតិម៉ារ៉ុករូបនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid រយៈពេលពីររដូវកាល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia