ទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្តទាំងស្រុងកំពុងតែកែប្រែឱ្យកាន់តែមានសម្រស់ស្រស់ស្អាតធ្វើឲ្យអ្នកទេសចរដែលខានទៅទស្សនាយូរអាចនឹងមើលមួយភ្លែតច្រឡំស្មានតែ នៅបរទេស។
ផ្លូវបរិវេណខាងលិចប្រាសាទអង្គរវត្តត្រូវបានអាជ្ញាធរអប្សរា និងស្ថាប័នពាក់ព័ន្ធរៀបចំប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។ ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។
អាជ្ញាធរបានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍។
ការរៀបចំហេដ្ឋារចនាសម្ពន្ធនិងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្ត បានចាប់ផ្តើមពីដើមឆ្នាំ២០២០។ យុទ្ធនាការរុះរើសំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នងក៏បានរួចរាល់អស់ទាំងស្រុងដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ ហើយទីធ្លាខាងលិចប្រាសាទអង្គរវត្តនេះក៏ពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងប្លែកភ្នែកជាខ្លាំងដល់ទេសចរតាមការគ្រោងទុក៕