យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល មនុស្ស ៩នាក់ ដែលរកឃើញមានផ្ទុកមេរោគកូវីដ ១៩ មាន ៨នាក់ ជាជនជាតិខ្មែរ និងម្នាក់ផ្សេងទៀតជាជនជាតិឥណ្ឌូនេស៊ី ខណៈការរកឃើញថ្មីនេះ នាំឲ្យកម្ពុជាកើនចំនួនអ្នកឆ្លងសរុបដល់ទៅ ១៣៩នាក់។
ក្នុងសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ជើងហោះហើរត្រង់មួយមកពីប្រទេសឥណ្ឌូនេស៊ី បានមកដល់កម្ពុជាកាលពីថ្ងៃ ២៥ មិថុនា កន្លងទៅ ដោយក្នុងនោះមានអ្នកដំណើរសរុប ៤០នាក់ ហើយត្រូវបានយកសំណាកទៅពិនិត្យ ក្រោយនៅល្ងាចថ្ងៃទី ២៦ មិថុនា មន្ត្រីជំនាញបានរកឃើញ ៩នាក់ក្នុងចំណោម ៤០នាក់ មានផ្ទុកកូវីដ ១៩ ដោយមកទល់នឹងពេលនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរ អ្នកឆ្លងកូវីដនៅកម្ពុជា ក៏មានការជាសះស្បើយម្នាក់ទៀត ដែលជាបុរសទើបវិលមកពីសហរដ្ឋអាមេរិក ក្រោយធ្វើតេស្ត ២ដង ដោយលទ្ធផលអវិជ្ជមាន។
គិតត្រឹមថ្ងៃ ២៧ មិថុនា នេះដែរ កម្ពុជាមានរកឃើញអ្នកឆ្លងកូវីដសុរប ១៣៩នាក់ ក្នុងនោះ ១២៩នាក់ជាសះស្បើយ ១០នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ និងគ្មានករណីស្លាប់នោះឡើយ៕ ដោយ៖ ត្នោត