រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងប្រុសល្បីឈ្មោះមួយរូប និងឆ្លៀតសម្តែងម្តងម្កាល ហើយក៏ជាអ្នកផលិតកម្មវិធីមួយដ៏មានល្បីឈ្មោះ លោក ចា ឫទ្ធី កំពុងជួបទុក្ខធំជាអនេក ដោយសារតែអ្នកម្តាយរបស់លោកបានទទួលមរណៈភាព ដែលដំណឹងដ៏ក្រៀមក្រំនេះធ្វើឲ្យមហាជន អ្នកគាំទ្ររបស់លោក ជាពិសេសមិត្តនៅក្នុងសិល្បៈ មានការរន្ធត់ចិត្ត និងសោកស្តាយជាខ្លាំងចំពោះការបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ ។
ដំណឹងដ៏គួរអោយសោកស្តាយចំពោះគ្រួសាររបស់លោក ចា ឫទ្ធី ត្រូវបានកើតឡើង កាលពីម្សិលមិញនេះត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបលោកបានបង្ហោះរូបភាពសោកសៅមួយសន្លឹកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ជាមួយខ្លឹមសារដ៏មានសោកសង្វេគថា «ម៉ែជាទីស្រឡាញ់របស់កូន ពេលនេះម៉ែទៅចោលកូនជារៀងរហូតហើយ» ។ បន្ទាប់ពីបង្ហោះសាររំលែកទុក្ខក្នុងមន្ទីរពេទ្យជាមួយនឹងអ្នកម្តាយរួចមកនៅក្នុងនោះក៏មានមហាជន និងអ្នកគាំទ្របានចូលរួមសោកស្តាយ និងរំលែកទុក្ខជាច្រើន ជាពិសេសមិត្តភក្ដិក្នុងវិស័យសិល្បៈក៏បានលើកទឹកចិត្តដល់រូបលោកគ្រប់ៗគ្នាផងដែរ ។
គួរបញ្ជាក់ផងដែរ លោក ចា ឫទ្ធី អតីតារាសម្តែងមានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប និងបច្ចុប្បន្នមានជំនួញជាច្រើននៅក្នុងដៃ មិនបានបង្ហើបប្រាប់ទៅដល់មហាជនពីមូលហេតុនៃការបាត់បង់អ្នកម្តាយ ដោយសារជំងឺ ឬយ៉ាងណានោះទេ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព