រាជធានីភ្នំពេញ ៖ តារាសម្តែងលោក ម៉ុង ប៊ុនណូរ៉ា និងចាងហ្វាងផលិតកម្មលោក ជា ឈីម បានប៉ះសម្តីគ្នា ជុំវិញរឿងរ៉ាវលុយថតកុន ដែលតារាសម្តែងរូបនេះបានចោទប្រកាន់មកលើលោក ជា ឈីម ថា មិនបានបើកប្រាក់ថតគ្រប់ចំនួនក្នុងពេលដែលលោកបានសម្តែងរឿង «ទឹកនឹងប្រេង»។
រឿងរ៉ាវមួយនេះ បានធ្វើឲ្យភាគីទាំងសងខាងបានប៉ះសម្តីគ្នាយ៉ាងស្រើបស្រាល ជាមួយនឹងការសរសេរសារបង្ហោះជាសាធារណៈ ដោយបានរំលើកបើកកកាយជះទឹកដាក់គ្នាទៅវិញទៅមក ដោយមិនដឹងថា ភាគីណាត្រូវ និងភាគីណាខុសនោះឡើយ។
តារាសម្តែងវ័យក្មេងលោក ម៉ុង ប៊ុនណូរ៉ា បានបង្ហោសារដោយភ្ជាប់ជាមួយនឹងរូបលោក ជា ឈីម ថា «ខ្ញុំមិនចូលចិត្ត សន្យាតែមាត់ទេ»។ លោកបញ្ជាក់ថា «លុយត្រូវបើកម្តងថ្ងៃនេះ ម្តងថ្ងៃនោះ បើកមិនគ្រប់ បើមិនឆាតទៅសួរ គឺមិនខ្វល់ពីយើងទេ។ មិនគោរពសន្យា លុយកម្លាំងយើងសោះ ត្រូវតាមទារគេ ដូចជាមិនថ្លៃថ្នូរសោះ។ មើលទៅបងប្អូន ជាពិសេសអ្នកសិល្បៈដូចគ្នា _ នេះហើយផលិតកម្ម #Chea_Chhim រឿង ទឹកនិងប្រេង» ។
ដោយឡែកចាងហ្វាងផលិតកម្ម លោក ជា ឈីម ក៏បានបង្ហោះសារឆ្លើយតបទៅកាន់តារាសម្តែងលោក ម៉ុង ប៊ុនណូរ៉ា វិញថា «ខ្ញុំសូមស្រាយបំភ្លឺជូនក្នុងនាមខ្ញុំជាម្ចាស់ផលិតកម្ម ជា ឈីម ជូនសាធារណជនឱ្យជ្រាបថា ចំពោះបុគ្គលឈ្មោះ(Mong Bun Nora) ដែរថា ខ្ញុំមិនបើកលុយថ្លៃសម្តែងអោយចំនួន400$ ហើយផុសបរិហារកេរ្តិ៍ ខ្ញុំជាសាធារណៈ»។
លោកបញ្ជាក់ថា «លោកថតអោយខ្ញុំមិនទាន់ចប់ឯណា បើរឿងខ្ញុំថតចប់ ហើយចាក់បញ្ចាំងទៅ ខ្ញុំមិនបើកអោយទេ ចាំធ្វើអញ្ចឹង ទង្វើដែលបុគ្គលរូបនេះកំពុងធ្វើគឺជាទង្វើមនុស្សអវិជ្ជា មិនដឹងថាខ្លួនឯងកំពុងជាន់ពន្លិចតំម្លៃជាតារាសម្ដែងខ្លួនឯង និងតារាសម្ដែងដទៃទៀតដែរ ធ្វើទង្វើមិនសមជាតារាសម្តែងទេ បើចរិកតារាសម្ដែងស្រុកខ្មែរដូចអ្នកឯងនោះមិនដឹងសិល្បៈស្រុកខ្មែរទៅជាយ៉ាងណាទេ។ លុយត្រឹមតែ400$ទេ ហើយរឿងក៏ថតមិនទាន់ចប់ និងដាក់បញ្ចាំងដែរ »។
គ្រាដែរ លោក ជា ឈីម បានបង្ហោះនោះ លោកក៏បានស្នើឲ្យតារាសម្តែងរូបនេះ សុំចេញមុខបកស្រាយក្នុងរយៈពេល48ម៉ោងជាបន្ទាន់ បើមិនចេញមុខមកដោះស្រាយនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ពាក់ព័ន្ធបញ្ហាខាងលើនេះ តារាសម្តែងលោក ម៉ុង ប៊ុនណូរ៉ា បានអះអាងប្រាប់តាមសារអេឡិចត្រូនិចថា រហូតមកទល់ពេលនេះ រូបលលោក និងលោក ជា ឈីម បានចរចាគ្នារួចហើយ ដោយលោក ជា ឈីម សន្យានឹងទូទាត់លុយដែលនៅសល់នោះ ហើយលោកក៏យល់ព្រមទទួលយកសំណើរនេះជាថ្មីម្តងទៀត។
លោកបញ្ជាក់ថា ប្រសិនបើគាត់ (ជា ឈីម) នៅមិនគោរពតាមការសន្យាទៀតនោះ លោកនឹងមានវិធានការបន្ថែមទៀត ព្រោះលោកធ្វើនេះ គឺមិនចង់មានរឿងរ៉ាវវែងឆ្ងាយទេ គ្រាន់តែលោកចង់បានតម្លៃពីពលកម្មរបស់លោក និងភាពត្រឹមត្រូវដែលលោកបានបំពេញតែប៉ុណ្ណោះ។
ជាការកត់សម្គាល់រឿងរ៉ាវដែលបានកើតឡើងខាងលើនេះ គឺមិនមែនជាលើកទី១ទេ ពោលគឺវាបានកើតឡើងជារឿយៗ សម្រាប់បណ្តាផលិតកម្មមួយចំនួនទៀត ជាមួយនឹងតួសម្តែងពាក់ព័ន្ធទៅនឹងលុយថតនេះដូចគ្នា ដែលបញ្ហានេះត្រូវបានគេមើលឃើញថា ជាការអាប់អោនមួយសម្រាប់តម្លៃសិល្បៈខ្មែរ ក្នុងពេលដែលអ្នកសិល្បៈបានទម្លាយបញ្ហានេះបញ្ចេញជាសាធារណៈបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព