រាជធានីភ្នំពេញ ៖ ខ្ជិលជាជំងឺមួយ ជាមេរោគមួយ ដែលវាអាចស៊ីនៅក្នុងសរីរាង្គរបស់យើង ស៊ីនូវភាពតស៊ូរបស់យើង ស៊ីនូវឧតម្ភគតិរបស់យើង ធ្វើឱ្យយើងលើកដៃលើកជើងមិនរួច ស៊ីទាល់តែយើងទន់ឆ្អឹង រលួយតែម្តង ។ ហើយអាជំងឺខ្ជិលនេះនាំទុកឱ្យអ្នកដទៃទៀតផង ឱ្យវេទនាដោយសារយើង ជួនកាលអាយុ៣០ឆ្នាំ ឬ៤០ឆ្នាំហើយ នៅពឹងលើឪពុកម្តាយទៀត កូនមកឱ្យឪពុកម្តាយចិញ្ចឹមទៀត ។ ចឹងយើងកុំទុកជំងឺនេះ ដើម្បីឱ្យវារាត្បាតដល់រាងកាយរបស់យើងទាន់ ។
តាមរយៈលោក លី ហាវ ជាស្ថាបនិក និងជានាយកសាលា IDEALLY អន្តរជាតិបានបែងចែកកម្រិតខ្ជិលនេះជា ៣ កម្រិត គឺកម្រិតស្រាល កម្រិតមធ្យម និងកម្រិតធ្ងន់ ។ លោក លី ហាវ ធ្វើការបកស្រាយនូវកម្រិតនីមួយៗដូចនេះថា ៖
ខ្ជិលកម្រិតស្រាល ៖ មានន័យបុគ្គលនោះ ខ្វះមហិច្ឆតា ខ្វះក្តីស្រមៃធំ បើក្នុងន័យសាមញ្ញបុគ្គលនោះ ចេះស្កប់ស្កល់ គិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ។ មហិច្ឆតា និងលោភលន់ កុំយកវាដាក់ចូលគ្នាឱ្យសោះ ពីព្រោះមហិច្ឆតា យើងមើលទៅក្នុងផ្លូវល្អ ឬសុទិដ្ឋិនិយម ចំណែកលោភលន់គឺមើលទៅក្នុងន័យអាក្រក់ ទុទ្ទិដ្ឋិនិយម ។
ពាក្យថា លោភលន់ មានន័យថាការចង់បានអ្វីមួយហួសពីសមត្ថភាព ។ល។ ឧទាហរណ៍ថាចូលធ្វើការដំបូង គេឱ្យប្រាក់ខែ ៥០០ ដុល្លារអាមេរិក ក្នុងមួយខែ ប៉ុន្តែដល់ធ្វើបានមិនបានប៉ុន្មានផង គេឱ្យប្រាក់រង្វាន់ថែមពីលើប្រាក់ខែ២០ ដុល្លារទៀត (ប្រាក់លើកទឹកចិត្ត) ដល់មនុស្សលោភលន់មិនបានគិតថាជាប្រាក់លើកទឹកចិត្តទេ បែរជាគិតថាការងារគាត់ខំប៉ុណ្ណឹងបានតែប៉ុណ្ណឹង។
ហើយទៅជាចឹងវិញ គ្រាន់តែគេកុងត្រាចំនួនប្រាក់ខែប៉ុណ្ណឹង គឺយើងត្រូវតែខំប្រឹងរួចទៅហើយ។ រីឯមហិច្ឆតា គឺជាអ្វីដែលយើងមានការគិតដើម្បីពង្រីកអ្វីមួយឱ្យវាធំជាងមុន ឬខ្លាំងជាងមុន ឧទាហរណ៍ថា ខ្ញុំមានមហិច្ឆតា មិនត្រឹមតែចង់បើកសាលាឱ្យល្អនោះទេ ប៉ុន្តែទៅថ្ងៃអនាគត ខ្ញុំនឹងពង្រីកវាឱ្យមានសាខាច្រើន ឬនៅពេលខ្ញុំមានលុយគ្រប់គ្រាន់ ខ្ញុំនឹងបើកអាជីវកម្មផ្សេងទៀតជាដើម។
ខ្ជិលកម្រិតមធ្យម ៖ អាចជាបុគ្គលដែលអត់ចរិក អន់ការគិត ត្រង់ថា ទាល់តែគេឱ្យលុយច្រើននៅមុខទើបបុគ្គលនោះខ្នះខ្នែង រុករុលធ្វើការ ទាល់មានប្រាក់ខែច្រើនចាំធ្វើច្រើនឬ?នេះហើយជាការគិតមិនបានវែងឆ្ងាយ បុគ្គលនេះពិកបាកលើកឱ្យឡើងធ្វើធំណាស់ ។ តើយើងត្រូវធ្វើបែបនេះធ្វើអ្វី? ប្រសិនបើយើងចង់បានលុយធំមែន យើងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាសហគ្រិនទៅ។ វាគួរឱ្យស្តាយសមត្ថភាពណាស់ នៅពេលដែលគាត់គិតបែបនេះ ចឹងខាងក្រុមហ៊ុនប្រាកដជាហត់នឿយជាមួយយើង ហើយនៅពេលណាមួយដែលគេរកបានបុគ្គលិកល្អ គេនឹងទាត់យើងចោលមិនខាន។ ចឹងមានន័យថា មានសមត្ថភាពតែខ្ជិល វាពិតជាអាត្មានិយម ហើយមនុស្សដែលខ្ជិលកម្រិតទី២នេះ អាចមានឳកាសកែរខ្លួនបាន ខ្ញុំជឿថាអ្នកមានសមត្ថភាពអ្នកនឹងមានសត្តានុពល។
ខ្ជិលកម្រិតធ្ងន់ ៖ នេះជាកម្រិតដែលពិបាកជាងកម្រិតទាំងពីរខាងលើ ហើយជាកម្រិតដែលគេហៅថា គ្មានកំណើត ស៊ីខ្ទិច រលួយអស់ហើយ។ កម្រិតដែលធ្វើឱ្យគាត់ខ្ជិលកែរមិនឡើងគឺជាមនុស្សដែលនៅជុំវិញខ្លួនគាត់នឹង ចឹងអ្នកដែលអាចជួយសង្គ្រោះបុគ្គលនេះបាន គឺអ្នកដែលជួយគាត់នឹងត្រូវតែដាច់ចិត្ត កុំបន្តជួយបុគ្គលនឹង អាចមានសង្ឃឹម។ កូនខ្ជិលរលួយ ចាំតែម្តាយដួសឱ្យ ខ្លះទាល់តែបញ្ជុកទៀត តាំងពីតូចមក កុំឱ្យសោះ។ អ្នកខ្លះអាយុ ៣០ ទៅ ៤០ ឆ្នាំហើយ នៅតែត្រូវការលុយឪពុកម្តាយ ជួនកាលកូនឈឺរុញឱ្យតាយាយ។ មួយថ្ងៃៗប៉ោឡែរ មិនស្រួលនឹងមិនដឹងធ្វើអីទេ អានេះពិបាកអានោះពិបាក ការងារនេះហត់ណាស់ មេនោះធ្វើអ្វីក៏មិនត្រូវចិត្តដែរ មកដល់ផ្ទះរអ៊ូទុក្ខសោកដាក់ប្រពន្ធឬប្តី ហើយដល់ពេលយ៉ាប់ យ៉ាប់តែតាយាយនេះឯង ដល់ហើយធ្លាក់មកដល់កូន រលួយដូចឪម៉ែទៀត ដោយសារឪម៉ែអប់រំមិនបានល្អ។ ចុះអានឹងកំហុសមកពីអ្នកណា អាចថាមកពីតាយាយដែរ ពីព្រោះតាយាយទំរន់កូនតាំងពីតូចមកដែរ ថ្មមពេក ខ្លាចពេក ទាំងនោះហើយដែលធ្វើឱ្យគាត់មានជំងឺខ្ជិលតាំងពីតូចនេះឯង។ ដូចនេះសរុបមកវិញ មនុស្សដែលគ្មានកំណើតបែបនេះ កុំជួយឱ្យសោះ ទើបអាចមានសង្ឃឹម អ្នកកាន់តែជួយអ្នកកាន់តែធ្វើបាបមនុស្សបែបនឹង ហើយមនុស្សខ្ជិលប្រភេទនេះគឺជាមនុស្សអាង អាងនេះអាងនោះ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព