Donny van de Beek បានក្លាយជាកីឡាករដំបូងដែលក្រុមបិសាចក្រហម Manchester United ទិញចូលនារដូវក្ដៅនេះ ខណៈការប្រកាសជាផ្លូវការបានធើ្វឡើងហើយ កាលពីម្សិលមិញនេះ។
United ត្រូវបានគេរាយការណ៍ថា បានចំណាយប្រមាណ ៣៥លានផោន ដើម្បីនាំកីឡាករវ័យ២៣ឆ្នាំនេះ មកកាន់ទឹកដី Old Trafford ជាមួយនឹងការបង្ហាញខ្លួន១៧៥ប្រកួតឲ្យឈុតធំរបស់ Ajax។
ក្រោយពីផ្លាស់មកកាន់ Man Utd កីឡាករដែលលេងតាំងពីឈុតយុវជនរបស់ Ajax នេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់គេថា៖
«ខ្ញុំសូមអរគុណដល់អ្នករាល់គ្នានៅ Ajax។ ខ្ញុំធំនៅទីនោះ ហើយក្លឹបនឹងស្ថិតក្នុងបេះដូងខ្ញុំជានិច្ច»។
«ពេលនេះខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីលេងក្នុងកម្រិតមួយទៀតនៃអាជីពខ្ញុំ កម្រិតដ៏ខ្ពស់ ហើយគ្មានកម្រិតណាដែលខ្ពស់ ជាងការលេងឲ្យ Manchester United ទេ»។
«គ្រប់គ្នាបាននិយាយអំពីកីឡដ្ឋាន Old Trafford ដ៏អស្ចារ្យ និងទិដ្ឋភាពនៅទីនោះ ហើយខ្ញុំនឹងត្រៀមទទួលយកនូវបទពិសោធន៍ទាំងនោះ ពេលដែលអ្នកគាំទ្រត្រូវបានគេអនុញ្ញាតឲ្យចូលវិញ»៕
ប្រភព៖ Man Utd