ជាទូទៅបទចម្រៀងជាការតាក់តែងប្រឌិតរបស់អ្នកនិពន្ធ ប៉ុន្តែបទចម្រៀងមួយចំនួនរបស់លោកស៊ីន ស៊ីសាមុត គឺជាអនុស្សាវរីយ៍ជីវិត និងស្នេហារបស់លោក និងខ្លះជាសាច់រឿងជីវិតមិត្តភក្តិរបស់លោក ។ ជាក់ស្ដែងដូចជាបទឧត្តមដួងចិត្ត បទខ្យងក្ដក់ ជាដើម ។
បទ«ខ្យងក្តក់»ជាបទដែលមានអនុស្សាវរីយ៍ខ្លោចផ្សាមួយរបស់លោកស៊ីន ស៊ីមុត នាក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅម្តុំវត្តចម្ប៉ា ឃុំព្រែកឯង កន្លែងដែលគាត់ទៅស្នាក់នៅផ្ទះមួយពេលគេជម្លៀសចេញពីទីក្រុងនោះ ។
រៀងរាល់ល្ងាចគឺជាពេលដែលលោកស៊ីន ស៊ីសាមុត តែងតែបើករថយន្តចេញទៅកម្សាន្តតាមមាត់ទន្លេ ឬក៏ទៅជួបបណ្តាមិត្តភក្តិជាអ្នកនិពន្ធ ជាតន្ត្រីករនោះ តែពេលដែលប្រទេសបែរជាត្រូវវឹកវរ ផ្លាស់ប្តូររបប ជម្លៀសប្រជាជនចេញពីទីក្រុងបែបនោះ អារម្មណ៍គាត់តប់ប្រមល់រកអ្វីថ្លែងមិនបានឡើយ ។ ម្ល៉ោះហើយក្នុងកាលៈទេសៈនោះ លោកស៊ីន ស៊ីសាមុត តែងគេចខ្លួនចូលទៅក្នុងរថយន្តរបស់គាត់ ដែលយកទៅជាប់ជាមួយ ហើយគាត់ចាក់កាស្សែតបទ «ខ្យងក្តក់» ស្តាប់តែម្នាក់ឯងជារៀងរាល់ពេលរហូតដល់ពេលគាត់ត្រូវអង្គការអាវ ខ្មៅចាប់បញ្ជូនយកទៅដាក់នៅមន្ទីរឃុំឃាំងឯកោះធំ ហើយក្រោយមកជីវិតគាត់បានបាត់រលត់ពីលើលោកនេះទៅជារៀងរហូត លែងវិលវិញ មិនខុសពីម្ចាស់បទ «ខ្យងក្តក់» កវីស្វាយ សំអឿ ឡើយ ។
តាមការរំឭកអនុស្សាវរីយ៍ពីលោកស្រីខាវ ថងញ៉ុត ថា នៅដើមទសវត្សទី៦០ ពោលគឺក្រោយពីព្យុះស្នេហាត្រីកោណដែលបានបោកបក់លើចំណងស្នេហាលោកស្រីអស់ប្រមាណជិតប្រាំពីរឆ្នាំមកនោះ នៅខេត្តសៀមរាប មានរៀបចំពិធីបុណ្យឡើងព្រះរាជដំណាក់ដ៏ធំមួយ ដែលស្ថិតក្រោមព្រះរាជាធិបតីភាពព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រ ។
នាឱកាសនោះលោកស៊ីន ស៊ីសាមុត និងក្រុមភ្លេងព្រះរាជទ្រព្យ ដែលតែងតែដង្ហែសម្តេចឪ យាងទៅសម្ពោធសមិទ្ធផលនានាគ្រប់ទីកន្លែងមិនដែលខាននោះ ក៏បានទៅចូលរួមនៅខេត្តសៀមរាបដូចសព្វដងដែរ ។ គឺក្នុងអំឡុងពេលនោះឯងចំណងចិត្ត អន្ទាក់បេះដូងដែលលោកស្រីថាវ ថងញ៉ុត និងលោកស៊ីន ស៊ីសាមុត ពុំដែលសន្មតថា នឹងព្រាត់និរាសគ្នាទេនោះក៏បានផ្សារភ្ជាប់ជាមួយគ្នាវិញ ហើយលោកស៊ីន ស៊ីសាមុត ក៏បានតែងបទ«ចំប៉ីសៀមរាប» ។
បទចម្រៀង«ឧត្តមដួងចិត្ត» បើតាមភរិយាលោកស៊ីន ស៊ីសាមុត និងលោកស៊ីន ច័ន្ទឆាយាជាកូន ថាវាជាចម្រៀងអនុស្សាវរីយ៍របស់លោកស៊ីន ស៊ីសាមុត និងអ្នកស្រីខាវ ថងញ៉ុត ជាភរិយា ក្នុងអំឡុងពេលដែលពួកគាត់ប្រេះឆាដួងចិត្តនឹងគ្នា ហើយភរិយាចាកចោលលែងរួមរស់នឹងលោកអស់ពេលជាយូរ ។ ដូច្នេះហើយលោកស៊ីន ស៊ីសាមុត បានតែង និងច្រៀងបទនេះឡើង ក្នុងបំណងបង្ហាញពីចិត្តពោរពេញដោយវិប្បដិសារីយ៍របស់លោក ។
បទ«អូនជាទេវីដួងចិត្ត»រៀបរាប់ពីទឹកចិត្តស្នេហារបស់លោកស៊ីន ស៊ីសាមុត ចំពោះនារីមានឋានៈខ្ពស់ហួសឆា្ងយពីលោក ហើយលោកបានរក្សាក្ដីស្រលាញ់ក្នុងដួងចិត្តតែម្នាក់ឯង មិនហ៊ានបង្ហាញឲ្យដឹងទេ ។
បទ«មិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ» បទភ្លេងបរទេស តែលោកស៊ីន ស៊ីសាមុត យកមកច្រៀងចំពោះនារីស្នេហាម្នាក់ដែលបានរួមរស់នឹងគ្នាអស់មួយរយៈពេល ហើយនាងបានបែកចិត្តពីលោកដោយសារខ្វះភក្តីភាព ។
បទ«ស្លឹកឈើ» ជាបទរបស់លោកឧត្តមសេនីយ៍សាក់ ស៊ុតសាខន ដែលលោកស៊ីន ស៊ីសាមុត ច្រៀងបានល្បីស្មើនឹងបទ«សំរោងចុងកាល់»របស់លោកហាស់ សាឡន ដែរ ។
បទ«ចាំជួបរាល់ថៃ្ងលិច» ជារឿងពិតរបស់កវីវ៉ោយ ហូរ ដែលតាមស្រឡាញ់អ្នកនាងតារា ចោមច័ន្ទ ជាអ្នកចម្រៀង ។ សំឡេងតន្ត្រីម៉ុងដូលីន ចេញក្បាលបទ លោកស៊ីន ស៊ីសាមុត ដេញដោយខ្លួនឯងផ្ទាល់ ជាមួយនឹងទឹកដមសំឡេងដ៏ពីរោះលន្លោចរបស់លោក ។ បទ«ចម្រៀងឥតព្រាងទុក» ទាក់ទិនអនុស្សាវរីយ៍ពេលជួបនារីម្នាក់នៅក្នុងរង្គសាលដោយចៃដន្យរបស់លោកពៅ ស៊ីផូ ដែលជាមិត្តរបស់លោកស៊ីន ស៊ីសាមុត ។ សាច់រឿងនេះបានផលិតជាខ្សែភាពយន្តរឿង«ចម្រៀងឥតព្រាងទុក»សម្តែងដោយលោក ជា យុទ្ធថន , អ្នកស្រីវិច្ឆរ៉ា ដានី ,អ្នកស្រី រស់ សេរីសុទ្ធា ដោយបញ្ចូលបទចម្រៀងដែលមានចំណងជើងថា«ចម្រៀងឥតព្រាងទុក»នេះផង ។ ខ្សែភាពយន្តដែលផលិតដោយលោកស៊ីន ស៊ីសាមុត ផ្ទាល់នេះបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។ បទ«ពេលរាត្រី»ស្នាព្រះហស្តនិពន្ធរបស់សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គពេញព្រះទ័យឲ្យលោកស៊ីន ស៊ីសាមុត ច្រៀងរួមគ្នាជាមួយអ្នកស្រីកែវ សេដ្ឋា ។
ក្រៅពីនេះនៅមានបទចម្រៀងអនុស្សាវរីយ៍ជាច្រើនបទទៀត ដូចជាបទ«ស្តាប់ស្នូរទឹកភ្លៀង», បទ«លាហើយប៉ារីស», បទ«អង់តូនីញ៉ែតា», បទ«ម៉ារីណា», បទ«ម៉ាន់ដេ», បទ«វីយ៉ូឡែតា», បទ«រាត្រីនៅហុងកុង» ជាដើម ជាបទចម្រៀងអនុស្សាវរីយ៍ពេលដែលលោកស៊ីន ស៊ីសាមុត ទៅប្រទេសបារាំង និងក្រុងហុងកុង ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព