រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្រើនរំលឹកពីកិច្ចការពារ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដល់ពលរដ្ឋកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ បានធ្វើការក្រើនរំលឹកអំពាវនាវសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជ្ជាប់ខ្ជួន ដើម្បីកុំឱ្យកើតមានជំងឺកូវីដ-១៩ ដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតផងដែរ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថាមានករណីជំងឺកូវីដ-១៩ កើនដល់ជិត ១០លាននាក់ និងមានអ្នកស្លាប់កើនដល់ជិតកន្លះលាននាក់ហើយ។ ចំនួនអ្នកស្លាប់នេះ គឺភាគច្រើនបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកលើផ្លូវសរីរាង្គផ្លូវដង្ហើមរបស់អ្នកជំងឺ ដោយវីរុសកូវីដ-១៩ ដែលធ្វើឱ្យអ្នកជំងឺមានស្ថានភាពពិបាកដកដង្ហើម ត្រដរខ្យល់ ប្រវេសប្រវាសរកការជួយផ្តល់ខ្យល់ដកដង្ហើម និងឈានទៅរកការមិនមានលទ្ធភាពដកដង្ហើមខ្លួនឯង ហើយដាច់ដង្ហើម និងដាច់ខ្យល់ស្លាប់តែម្តង។
បើមានស្ថានភាពអាក្រក់បែបនេះ គឺគ្រូពេទ្យមានការលំបាកក្នុងការជួយសង្រ្គោះ ហើយភាគច្រើនលើសលុប គឺមិនអាចជួយសង្គ្រោះបានឡើយ។ ដូច្នេះ មានតែកិច្ចការពារកុំឱ្យឆ្លងវីរុសកូវីដ-១៩ នេះទេ ដែលអាចជួយបុគ្គលម្នាក់ៗ ឱ្យបានរួចចាកផុតពីសភាពវ៉ៃលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ លើសរីរាង្គផ្លូវដង្ហើម ឈានដល់ការបាត់បង់ជីវិតនេះបាន។
ត្រូវនាំគ្នាបន្តអនុវត្តន៍វិធានការការពារដែលបានដាក់ចេញ ជាពិសេសចៀសវាងកន្លែងប្រមូលផ្តុំគ្នាច្រើន នៅក្នុងកន្លែងបិទជិត ដោយប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ហើយគ្មានខ្យល់ចេញចូល ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់ អនាម័យដៃស្អាតជានិច្ច និងរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង គឺជាការចាំបាច់ដែលត្រូវតែនាំគ្នាអនុវត្តន៌នៅក្នុងដំណាក់កាលទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នេះ៕