រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឯកឧត្តម Pablo Kang ឯកអគ្គរាជ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា បានចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃ កម្ពុជា ។
ឯកឧត្តម Pablo Kang ត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលី ប្រចាំនៅ កម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០១៩ ។ ឯកឧត្តម ទេសាភិបាល បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Pablo Kang និងបានជម្រាបជូនអំពីប្រវត្តិ និងការរីកចម្រើនរបស់កម្ពុជា រួមទាំង នៅក្នុងវិស័យធនាគារ ហើយបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែល បានចូលរួមចំណែកអភិវឌ្ឍកម្ពុជាតាំងពីដើមរៀងមក ដោយចាប់ផ្តើមចេញពីអង្គការ មនុស្សធម៌ រហូតដល់ការចូលរួមក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធន ធានមនុស្ស ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ផ្សេងៗជាច្រើន ។ លើសពីនេះ រាជរដ្ឋាភិបាលអូស្រ្តាលីក៏បានជួយរួមចំណែកក្របខ័ណ្ឌគតិយុត្តិនៅក្នុងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជួយពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នផ្នែកហិរញ្ញវត្ថុនៅ កម្ពុជាផងដែរ ។
ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានទទួលរង ផលប៉ះពាល់ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយធនាគារកណ្តាលបានចូលរួមជា មួយ រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះ ពាល់ពីជំងឺកូវីដ ១៩ ។ នាឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនពី ប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា ដែលដុល្លារូបនីយកម្មនេះបានកើតមានឡើងចាប់តាំង ពីអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (UNTAC) ដែលបានប្រើប្រាស់ប្រាក់ដុល្លារ អាមេរិកក្នុងទីផ្សារសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ធនាគារជាតិនៃកម្ពុជា មានគោលជំ ហរក្នុងការលើកកម្ពស់ប្រាក់រៀលតាមរយៈយន្តការទីផ្សារ និងមិនមានការប្រើយន្តការ រដ្ឋបាលក្នុងការធ្វើបដិដុល្លារូបនីយកម្មនោះទេ ។
ឯកឧត្តម ទេសាភិបាល ក៏បានអញ្ជើញ ឯកឧត្តម Pablo Kang ធ្វើការទស្សនាសារមន្ទីរ សេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដែលបានបង្ហាញពីប្រវត្តិកម្ពុជា ក៏ដូចជាការវិវត្ត របស់វិស័យធនាគារ និងរូបិយវត្ថុនៅកម្ពុជាចាប់តាំងពីសតវត្សរ៍ទី ១ រហូតដល់បច្ចុប្បន្ន ។
ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណចំពោះឯកឧត្តម ទេសាភិបាល ដែលបាន ឆ្លៀតឱកាសដ៏មមាញឹកទទួលចូលជួប ឯកឧត្តម ។ ឯកឧត្តម Pablo Kang ក៏បានជម្រាប ជូនទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្រ្តាលី ព្រមទាំងបានគាំទ្រនូវអ្វីដែល ឯកឧត្តម ទេសា ភិបាល បានលើកឡើងទាក់ទងនឹងតួនាទីរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការរួម ចំណែក អភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា ។ ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ ១៩ អូស្ត្រាលីបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ក៏ដូចជាកាត់បន្ថយការឆ្លងជំងឺនេះផងដែរ ។
ជាមួយគ្នានេះដែរ អូស្រ្តាលីបានជួយក្នុងការបង្កើតមូលដ្ឋានទិន្នន័យអត្តសញ្ញាណប្រជា ជនក្រីក្រនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តគាំទ្រការងារបន្ថែមទៀត ដើម្បីចូលរួមជួយ គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភនានាដល់ប្រជាជនក្រីក្រ ។ រាជរដ្ឋាភិបាលអូស្ត្រាលីនឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និង បង្កើនវិសាលភាពការងារដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព