រាជធានីភ្នំពេញ៖ សាកសពរបស់អតីតមេគុកទូលស្លែង ឬក៏មន្ទីរស២១ លោកកាំង ហ្កេកអ៊ាវ ហៅ ឌុច បានបូជានៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២ខែកញ្ញានេះ គឺប៉ុន្មានម៉ោងក្រោយពីលោកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយមានវត្តមានសាច់ញាតិលោកចូលរួមតិចតូចបំផុត គឺប្រមាណបួនប្រាំនាក់ប៉ុណ្ណោះ។
នៅខាងក្រៅវិញមនុស្សជាទូទៅក៏មិនសូវជាចាប់អារម្មណ៍លើរមណភាពរបស់លោកឡើយ ប៉ុន្តែសារព័ត៌មានតូច-ធំ ទាំងក្នុងនៅក្រៅប្រទេស បានចុះសផ្សាយករណីការស្លាប់របស់ ឌុច នេះ។ លោក ឌុច មានអ្នកខ្លះចាត់ទុកថាជាបញ្ញវន្តហើយថាលោកស្នេហាជាតិ។ ពលរដ្ឋខ្លះថាសោកស្តាយ ដែលលោក មិនបានផ្តល់ចម្លើយពិតឲ្យបានច្រើននៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានោះ។
អ្នកបញ្ចេញមតិលើព័ត៌មាន ដែលបានផ្សាយពីការស្លាប់របស់គាត់ផ្សេងទៀតថា «មិនសោកស្តាយចំពោះការស្លាប់របស់ឌុចទេ ដោយសារគាត់បានធ្វើទារុណកម្ម និងសម្លាប់ពលរដ្ឋខ្មែរ ក្នុងតួនាទីលោកជាប្រធានមន្ទីរសន្តិសុខ ស២១ ឬទូលស្លែងនោះ» ។
អ្នកខ្លះថាឌុចមានបាតដៃប្រលាក់ឈាម។ ចំណែកពលរដ្ឋខ្លះទៀតបានលើកឡើងថា ការស្លាប់របស់ឌុច នៅពេលនេះ ប្រសើរជាងឳពុកម្តាយរបស់គាត់ទៀត។ ពលរដ្ឋថា «ម្តាយឪពុកខ្ញុំនឹងបងប្អូនខ្ញុំស្លាប់ទាំងវេទនា ១រណ្ដៅរាប់រយនាក់ ឯតាឌុចងាប់នៅលើគ្រែ» ។សាលាក្តីខ្មែរក្រហាម បានប្រកាសថា នៅថ្ងៃទី២កញ្ញានេះដែរថា «លោកកាំង ហ្កេកអ៊ាវ» ហៅ ឌុច ជាអ្នកទទួលខុសត្រូវនៅមន្ទីរសន្តិសុខ ស-២១ អស់រយៈពេលជាង៣ឆ្នាំ ដែលបណ្តាលឲ្យមានការសម្លាប់ជនរងគ្រោះជាង១២ ២៧២នាក់។
ឌុច ត្រូវបានចោទប្រកាន់ ពី បទ «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម» ប្រព្រឹត្តនៅគុកទួលស្លែងដោយ អង្គជំនំជម្រះតុលាការកំពូលនៃ អង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក សម្រេចផ្តន្ទាទោសដាក់ពន្ធអស់មួយជីវិត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។ លោកបាន បញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសចាប់ពីនៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣មក។
កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំលោកឌុច បានក្លាយទៅជាគ្រូបង្រៀនគណិតវិទ្យា នៅក្នុងឆ្នាំ១៩៦៥ លោក និងក្រោមមកទៀត លោកបានចូលរួមជាមួយបក្សកុម្មុយនីស្តហើយលោកបានក្លាយជាប្រធានគុកទួលស្លែងនៅក្នុងរបបខ្មែរក្រហម។ ឌុច បន្តរស់នៅជាមួយខ្មែរក្រហម ក្រោយឆ្នាំ១៩៧៩ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទើបត្រឡប់មកធ្វើជាគ្រូបង្រៀនវិញ។ បន្ទាប់ពីមរណភាពរបស់ប្រពន្ធគាត់ដោយសារអំពើប្លន់នៅឆ្នាំ១៩៩៥ ឌុច បានប្តូរមកកាន់សាសនាគ្រិស្ត និងបានផ្លាស់ទៅរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង រហូតដល់ពេលដែលគាត់ត្រូវបានប្រទះឃើញដោយអ្នកសារព័ត៌មានមួយរូបក្នុងឆ្នាំ១៩៩៩។ បន្ទាប់មក ឌុច ត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ ជាប់ឈ្មោះជាមេឃាតករមួយរូប ដែលសម្លាប់ខ្មែរ មរណភាពរបស់គាត់ទំនងមិនសូវមានការចាប់អារម្មណ៍ឡើយ។ មានពលរដ្ឋខ្លះបានលើកឡើងថា « ជីវិតយើងនេះគ្មានអ្វីដែលឋិតថេររហូតទេ ទីបំផុតនៃជីវិតគឺមានតែសេចក្តីស្លាប់នេះឯងចូលមកជំនួសឆក់យកអាយុសង្ខារយើងទៅកាន់ភពថ្មីតាមយថាកម្ម ដូច្នេះអ្នកដែលទៅជាមួយយើងបានមានតែបុណ្យកុសលប៉ុណ្ណោះ គួរសាធុជនប្រឹងប្រែងសន្សំអំពើល្អពីឥឡូវនេះទៅ» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព