ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសចំនួន៧នាក់ឱ្យមានសេរីភាពវិញ និងនាំខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជានៅច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១ សីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកទោសដែលអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាព និងនាំខ្លួនមកប្រគល់ឱ្យកម្ពុជាវិញ រួមមាន ១-ឈ្មោះវេង ស្រន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កែរូង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ២-ឈ្មោះ ញៀន គុណ ភេទប្រុស អាយុ៥៥ឆ្នាំ ៣-ឈ្មោះសៀវ សាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ៤-ឈ្មោះប៉េង ធូ ភេទប្រុស អាយុ៣០ឆ្នាំ ៥-ឈ្មោះឆុម ផន ភេទប្រុស អាយុ៤១ឆ្នាំ ៦-ឈ្មោះខុម ឃីម ភេទប្រុស អាយុ៣៧ឆ្នាំ (អ្នកទាំង៥រស់នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ) ។ អ្នកទោសទាំង៦នាក់ ត្រូវថៃចាប់ខ្លួនកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៧ ដោយឡែកម្នាក់ទៀតឈ្មោះធន សំបូ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវទាហានថៃចាប់ខ្លួនថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលក្រុមអាជ្ញាធរថៃដាក់ការចោទពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងចូលតាមច្រកម៉ាឡៃ ជាប់ពន្ធនាគារនៅខេត្តសុខនបុរី ប្រទេសថៃ។
ក្រុមមន្ត្រីដែលបម្រើការងារច្រកទ្វារអន្តរជាតិជាំឱ្យដឹងថា ក្រោយពីទទួលអ្នកទោស៧នាក់ពីក្រុមអាជ្ញាធរថៃរួច សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល។ គួររំលឹកថា ក្រុមអ្នកទោសទាំង៧នាក់នេះដែលក្រុមអាជ្ញាធរថៃបញ្ជូនឱ្យកម្ពុជាមិនមែនជាលើកទីមួយទេ កន្លងមកថៃបានធ្វើការដោះលែងជាបន្តបន្ទាប់មកហើយ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព