ខេត្តកំពង់ស្ពឺ ៖ ស្រី្តម្នាក់ដែលផិតប្តីនិងប្រុសស្នេហ៍របស់ខ្លួន បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ក្រោយពីពួកគេរៀបគម្រោងសម្លាប់ប្ដីតែមិនបានសម្រេច។ អ្វីដែលជាការហួសចិត្តបំផុតនោះ គឺក្រោយពីផែនការពួកគេមិនបានសម្រេច ក៏បានដឹកដៃគ្នាទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមនៅឯទីរួមខេត្តធ្វើព្រងើយ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ។
ជនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០
បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅភូមិអង្គតាឯកឃុំភ្នំតូច ស្រុកឧដុង្គ ។
ស្រី្តដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ ស្រីរ័ត្ន អាយុ១៨ឆ្នាំ ចំណែកប្រុសស្នេហ៍ឈ្មោះ ធឹម ធា អាយុ២០ឆ្នាំ ។ ឯបុរសជាប្តីដែលរួចផុតពីការរៀបគម្រោងសម្លាប់ពីសំណាក់ជនសង្ស័យទាំង២នាក់ឈ្មោះ ជឿន ធារ៉ា អាយុ១៧ឆ្នាំ ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ ប្រពន្ធបានប្រើល្បិចឲ្យប្តីរបស់ខ្លួនឈ្មោះ ជឿន ធារ៉ា ដឹកទៅហូបមីហឹរនៅផ្សារថ្នល់ទទឹង លុះពេលហូបហើយក៏ដឹកគ្នាត្រឡប់
ទៅផ្ទះវិញ ។ ក្នុងអំឡុងពេលទៅហូបមីហឹរ ស្ត្រីជាប្រពន្ធបានទូរស័ព្ទទៅឈ្មោះ ធឹម ធា ហៅហ័ង
ជាប្រុសស្នេហ៍ ឲ្យរៀបគម្រោងស្ទាក់ផ្លូវដើម្បីសម្លាប់ប្ដីរបស់ខ្លួននៅយប់នោះតែម្ដង ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីពួកគេទូរស័ព្ទណាត់គ្នារួចហើយ ស្រីរូបនេះក៏ឱ្យប្ដីដឹកត្រឡប់ទៅផ្ទះវិញ ។ លុះទៅដល់ចំណុចវត្តអង្គតាឡឹក ក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោង
ទង ស្រាប់តែលេចមុខជនឈ្មោះ ធឹម ធា ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ គ្មានផ្លាកលេខ ប្រដាប់ដោយដាវ១ដើមស្ទាក់ផ្លូវ ។
នៅពេលឃើញសភាពការណ៍មិនស្រួល ជនរងគ្រោះក៏រកវិធីដើម្បីការពារខ្លួន តែពេលនោះជនឈ្មោះ ធឹម ធា មិនបានកាប់ជនរងគ្រោះទេ បែរជា ស្រីរ័ត្ន ជាប្រពន្ធចុះពីលើម៉ូតូទៅយកដាវពីប្រុសស្នេហ៍មកបម្រុងកាប់ប្ដីខ្លួនទៅវិញ ។ ប៉ុន្តែបំណងរបស់ស្ត្រីរូបនេះមិនបានសម្រេចទេ ដោយ
ប្តីបានបើកម៉ូតូរត់ចេញពីកន្លែងកើតហេតុ ហើយក៏ទៅដាក់ពាក្យបណ្ដឹងតែម្តង ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ស្ត្រីជាប្រពន្ធបានឆ្លើយថា បន្ទាប់ពីគម្រោងរបស់ពួកគេនៅយប់នោះមិនបានសម្រេច រូបគេនិងប្រុសសហាយបានដឹកគ្នាទៅអង្គុយលេងនៅសួនច្បារឯទីរួមខេត្ត ។ លុះរហូតដល់យប់ជ្រៅសន្សើមធ្លាក់ត្រជាក់ៗផងនោះ ពួកគេក៏រកផ្ទះសំណាក់ដេកនៅទីនោះសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមជាទីបំផុត ដោយមិននឹកស្មានថាព្រឹកឡើងពេលត្រឡប់មកផ្ទះវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនសោះឡើយ ។
ចំណែកបុរសជាប្ដីបានប្រាប់សមត្ថកិច្ចថា រូបគេបានរួចផុតរស់រានមានអាយុជីវិតបានប៉ុណ្ណេះគឺចាត់ទុកថាជាគ្រោះល្អណាស់ទៅហើយ ហើយក៏មិនចង់ជួបជុំគ្នាជាមួយស្រីចិត្តចើកស្រីចិត្តពស់
វែកនេះតទៅទៀតដែរ ។ រូបគេរៀបការជាមួយប្រពន្ធនេះទើបតែបានប៉ុន្មានខែប៉ុណ្ណោះ ហើយក៏គ្មានកូនចៅជាមួយគ្នាជាចំណងឲ្យជាប់ជំពាក់វាក់វិនដែរ និងស្នើឲ្យច្បាប់ចាត់ការជនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតទៅតាមច្បាប់ចុះ ។
បន្ទាប់ពីស្ដាប់ចម្លើយសារភាព និងការបំភ្លឺរបស់ជនរងគ្រោះរួចមក នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ក៏បានកសាងសំណុំរឿងបញ្ជូនស្រីចិត្តចើកនិងប្រុសសហាយទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព