លោកនេត សាវឿន ណែនាំស្នងការដ្ឋានរាជធានីខេត្តចាត់វិធានការម៉ឺងម៉ាត់ក្នុងពិធីបុណ្យបិណ្ឌ និងភ្ជុំបិណ្
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់នៅគ្រប់គោលដៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងគោលដៅកំសាន្ដសប្បាយនានាផងដែរ ។
យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កើនការក្ដាប់ និងវិភាគវាយតម្លៃនូវសភាពការណ៍ និងព័ត៌មាននានាពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
នាយឧត្តមសេនីយ៍ បន្ដថា ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាគ្រប់ប្រភេទនៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់នូវគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពជាងមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពបង្កអសន្ដិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កមហន្ដរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបញ្ជាក់ថា «ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការការពារយ៉ាងម៉ឹងម៉ាត់គ្រប់គោលដៅ ប្រារព្ធពិធីបុណ្យ និងគោលដៅកម្សាន្ដសប្បាយនានាដូចជា ៖ ទីវត្តអារ៉ាម ប្រាង្គប្រាសាទ រមណីដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារសន្ដិសុខ និងធានាសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលយាង និងអញ្ជើញទៅចូលរួមពិធីបុណ្យ ។
ទន្ទឹមនោះត្រូវយកចិត្តទុកដាក់យាមកាមល្បាតការពារផ្ទះសម្ដែងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដែលធ្វើដំណើរ ទៅស្រុកកំណើត ឬទៅសម្រាកកំសាន្ដនៅ តាមតំបន់នានាទាំងគ្រួសារ»៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព