ប្រាក់ចំណូលរបស់ក្រុមហ៊ុន Zoom បានកើនឡើងជាង៣៥០% នៅក្នុងត្រីមាសទី២ ហើយប្រាក់ចំណេញបានកើនឡើងជិត១០ដង ខណៈដែលក្រុមហ៊ុននានាបានងាកមកប្រើប្រាស់កម្មវិធីនេះក្នុងការប្រជុំ និងធ្វើការពីផ្ទះ កំឡុងពេលផ្ទុះកូវីដ១៩ ។
អ្នកផ្តល់សេវាទំនាក់ទំនងវីដេអូ ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន១៨៥.៧លានដុល្លារ សម្រាប់ត្រីមាស រហូតដល់ថ្ងៃទី៣១ ខែកក្កដា គឺកើនឡើងជិត៣,៣០០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលក្នុងត្រីមាសនេះ មានចំនួន៦៦៣.៥លានដុល្លារកើនឡើង៣៥៥%។
ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃចន្ទមុនសេចក្តីប្រកាសប្រាក់ចំណូល ហើយបន្ទាប់មកបានកើនឡើង២៨% នៅក្នុងការធ្វើពាណិជ្ជកម្ម។លោក Eric Yuan អគ្គនាយកក្រុមហ៊ុន Zoom បាននិយាយ កាលពីថ្ងៃចន្ទថា៖ «នៅពេលនិន្នាការការងារពីចម្ងាយបានកើនឡើង ក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការនានាបានធ្វើការតាមរយៈអនឡាញ» ។
នៅពីក្រោយលទ្ធផលដ៏រឹងមាំក្រុមហ៊ុន Zoom បានបង្កើនទស្សនវិស័យរបស់ខ្លួនសម្រាប់ប្រាក់ចំណូលពេញមួយឆ្នាំ រហូតដល់ចន្លោះពី២.៣៧ពាន់លានដុល្លារ ទៅ ២.៣៩ពាន់លានដុល្លារ ។
កាលពីមុនគេរំពឹងថា មានចន្លោះពី១.៧៧៥ពាន់លានដុល្លារទៅ១.៨ពាន់លានដុល្លារ។ នៅចុងខែកក្កដានេះ ក្រុមហ៊ុន Zoom មានអតិថិជនប្រហែល៣៧០.០០០នាក់ ដែលមាននិយោជិកជាង ១០នាក់ កើនឡើងជិត៤៦០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ អតិថិជនដែលបង់ប្រាក់ច្រើនជាងគេ គឺអតិថិជនដែលបង់លុយច្រើនជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់សេវាកម្ម គឺច្រើនជាងទ្វេដងដល់៩៨៨ បើប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ តាមភូមិសាស្ត្រប្រាក់ចំណូលរួមពីអាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិកបានកើនឡើងជាង៦០០% ស្មើនឹងមួយភាគបីនៃចំនួនសរុប។ ប្រាក់ចំណូលពីអាមេរិកកើនឡើងជិត៣០០%៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព