អ៊ីតាលី ៖ យោងតាមរបាយការណ៍ពី Goal.com បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងបង្កើនដំណើរការចរចារបស់ខ្លួន លើកីឡាករ Luis Suarez របស់ក្លិប Barcelona បន្ទាប់ពីរូបគេ បានក្លាយជាកីឡាករកំពូលដែលត្រូវទិញចូល ក្រោមការដឹកនាំរបស់លោក Andrea Pirlo នៅរដូវក្តៅនេះ។
ក្រុមម្ចាស់ជើងឯកអ៊ីតាលី Serie A រដូវកាល ២០១៩-២០ បានកំពុងតែស្វែងរក កីឡាករបញ្ចូលបន្ថែមនៅរដូវក្តៅនេះ ដើម្បីត្រៀមខ្លួនការពារតំណែងជើងឯករបស់ខ្លួន សម្រាប់រដូវកាលក្រោយ។ ហើយខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរូហ្គាយវ័យ ៣៣ឆ្នាំខាងលើ បានក្លាយជាគោលដៅកំពូលរបស់លោក Andrea Pirlo ដើម្បីយកមកចាប់ដៃគូជាមួយ Cristiano Ronaldo ដើម្បបង្កើតកម្លាំងបន្ថែមនៅប្រព័ន្ធប្រយុទ្ធ។
Suarez ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដទៃទៀត របស់ក្រុម Barcelona ដែលត្រូវលក់ចេញនៅរដូវក្តៅនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Ronald Koeman។
ក្រៅពីការចង់បានពី Juvenrus កីឡាកររូបនេះ ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម Inter Miami របស់ David Beckham នៅក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក MLS និងអតីតក្លិបចាស់ Ajax ដែលរូបគេធ្លាប់លេងចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១។
រឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពី Suarez ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងជាមួយប្រធានក្លិបសេះបង្កង់ Juventus លោក Pavel Nedved ជុំវិញការផ្ទេរដ៏មានសក្តានុពលមួយនេះ ដែលនឹងធ្វើឲ្យគេអាចចាប់ដៃគូជាមួយកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ក្រោយធ្លាប់ជាដៃគូល្អជាមួយ Lionel Messi កន្លងមក៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព