ទាំងនេះគឺជាវត្ថុធាតុដើមចាស់ជាងគេមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលស្មើនឹង៨៦ភាគរយ អាចម៍ផ្កាយដែលបានរកឃើញទាំងអស់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់ដឹងអំពីរបៀបដែលវាលេចចេញមកនោះទេ ។ ការសិក្សាស្រាវជ្រាវថ្មីនេះ មិនត្រឹមតែរកឃើញអាថ៌កំបាំងរបស់អាចម៌ផ្កាយ Chondrules ប៉ុណ្ណោះទេ ថែមទាំងជួយអ្នកវិទ្យាសាស្ត្រឲ្យយល់ពីរបៀបប្រព័ន្ធព្រះអាទិត្យរបស់យើងបានវដ្តទៀតផង ។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Wesleyan រដ្ឋខននិកធិកខាត់ សហរដ្ឋអាមេរិក បានអះអាងថា រកឃើញចម្លើយអាថ៌កំបាំងរបស់អាចម៍ផ្កាយ Chondrules ។ ជាច្រើនឆ្នាំកន្លងមកហើយ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការបង្កើតទម្រង់អាចម៍ផ្កាយនេះ ដូចដែលការពិព័រណ៌នាដោយភូគម្ភវិទូសតវត្សរ៍ទី១៩ Henry Clifton Sorby ថា ដូចជា «ដំណក់ទឹកភ្លៀងដ៏ខ្លាំង» បានកើតឡើងនៅមុន ប្រព័ន្ធព្រះអាទិត្យ នៅពេលដែលដំណក់ទឹកទាំងនោះត្រូវកម្តៅសីតុណ្ហភាពខ្លាំង ហើយបន្ទាប់ពីនោះភ្លាមក៏ចាប់ត្រជាក់កក ។ ទោះយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា ដំណើរការនេះកើតឡើងបានយ៉ាងដូចម្តេចនៅឡើយទេ ។
បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Wesleyan បានគិតថា ពួកគេបានរកឃើញដំណោះស្រាយចំពោះអាថ៌កំបាំងអាយុកាលរាប់សតវត្សរ៍មួយនេះហើយ ។ យោងការសិក្សាស្រាវជ្រាវ ដែលបានធ្វើបទបង្ហាញតាមរយៈកិច្ចប្រជុំតាមអ៊ីនធើណេតកាលពីដើមខែនេះរបស់សង្គមតារាសាស្ត្រអាមេរិក, ក្រុមអ្នកស្រាវជ្រាវធ្វើសាកល្បងពិសោធន៍ដើម្បីឲ្យដឹងថា តើសមតិកម្មដែលបានលើកឡើងកាលពីខាងដើមនោះត្រឹមត្រូវដែរទេ ។
អ្នកវិទ្យាសាស្ត្របានអះអាងថា ភព Planetesimals ដែលគេជឿជាក់ថា បានដើរតួនាទីមួយនៅក្នុងការបង្កើតភពនោះ គឺស្ថិតនៅពីក្រោយការកកើតអាចម៍ផ្កាយ Chondrules នេះឡើង ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងទៀតថា បណ្តុំថ្មមានជីវិតនេះមានសាគរកម្អែលភ្នំភ្លើង កន្លែងដែលសីតុណ្ហភាពឡើងកម្តៅ១៦០០អស្សាសេ ។ ផ្កាយទាំងឡាយដែលហោះកាត់ពួកវានោះបានឆ្លងកាត់កម្តៅសាគរកម្អែលភ្នំភ្លើងទាំងនេះ ហើយបន្ទាប់មកវាបានត្រជាក់យ៉ាងឆាប់រហ័សនៅពេលដែលផ្កាយទាំងនោះបានហោះឆ្លងកាត់ភព Planetesimals ដោយបង្កើតបានទៅជាអាចម៍ផ្កាយ Chodrules ។
អ្នកវិទ្យាសាស្ត្រខ្លះបានចោទសួរចំពោះការសិក្សាស្រាវជ្រាវនេះ ក្នុងនោះមានដូចជាលោក Harold Connolly អ្នកឯកទេសខាងអាចម៍ផ្កាយនៅឯសាកលវិទ្យា Rowan រដ្ឋ ញូវជឺស៊ី បានលើកឡើងថា អាចម៍ផ្កាយ Chondrules ពី១៥ភាគរយទៅ២០ភាគរយឆ្លងកាត់ព្រឹត្តិការណ៍កម្តៅច្រើន «អ្នកមិនអាចថា មានតែមួយហោះឆ្លងកាត់បានទេ ។ វាប្រហែលជាអ្វីមួយដែលវដ្ត» ។ អ្នកឯកទេស Connolly ថ្លែងបែបនេះ ទៅកាន់សារព័ត៌មាន New York Times ។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវផ្សេងទៀតបានកត់សម្គាល់ថា ការរកឃើញថ្មីអំពីអាថ៌កំបាំងនេះអាចជួយដល់អ្នកវិទ្យាសាស្ត្រកាន់តែខិតជិតទៅរកការយល់ដឹងអំពីអាចម៍ផ្កាយ Chondrules និងពីរបៀបដែលប្រព័ន្ធព្រះអាទិត្យរបស់យើងបានវដ្ត។
លោក Rhian Jones មកពីសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេសបានប្រាប់សារព័ត៌មាន New York Times ថា «ការបង្កើតអាចម៍ផ្កាយ Chondrulesនេះគឺពិតជាបញ្ហាដ៏ស្មុគស្មាញមួយ ។ ដូច្នេះនៅពេលដែលនរណាម្នាក់បានរកឃើញអ្វីដែលចម្លែកពីគេនោះ គឺមានការទទួលស្វាគមន៍ណាស់ ពីព្រោះយើងមិនមានចម្លើយនោះទេ» ។
អ្នកវិទ្យាសាស្ត្ររំពឹងថា នឹងរៀនសូត្របន្ថែមទៀតអំពីអាចម៍ផ្កាយ Chondrules បន្ទាប់ពីបេសកកម្មអវកាសរបស់ជប៉ុន Hayabusa2 និងបេសកកម្មរបស់អង្គការណាសា OSIRIS-REx ដែលនឹងវិលត្រឡប់មកភពផែនដីវិញជាមួយគំរូអាចម៍ផ្កាយ Ryugu និងអាចម៍ផ្កាយ Bennu ៕ ប្រែសម្រួលដោយ៖ thach yat