
កីឡាករ Jeremy Mathieu អតីតខ្សែការពារកណ្តាលរបស់ក្លិប Barcelona និង Valencia បានចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីទទួលរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងការហ្វឹកហាត់នៅសប្តាហ៍នេះ។
អតីតកីឡាករអន្តរជាតិបារាំងរូបនេះ នឹងផុតកុងត្រាជាមួយក្រុម Sporting Li*on ចុងខែមិថុនាខាងមុខ ប៉ុន្តែបើយោងតាមកាសែតអេស្ប៉ាញ Mundo Deportivo អះអាងថាសាមីខ្លួនបានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងគ្នាទៅវិញទៅមកមុនពេលកំណត់ ដោយសម្រេចចូលនិវត្តន៍ក្នុងវ័យ៣៣ឆ្នាំតែម្តង។
កីឡាករ Mathieu បង្ហាញខ្លួនសរុបបានចំនួន ៥៨២ដងក្នុងអាជីព។ រូបគេលេងជាកីឡាករអាជីពដំបូងនៅវ័យ១៦ឆ្នាំ ជាមួយក្លិបថ្នាលយុវជន Sochaux មុនពេលផ្លាស់ទៅចូលរួមជាមួយ Toulouse នៅឆ្នាំ២០០៥។ ក្រោយមកបានផ្លាស់ទៅលេងនៅ Valencia ក្នុងឆ្នាំ២០០៩ ដោយបង្ហាញខ្លួនបានចំនួន ១២៦ប្រកួត មុនពេលទៅចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០១៤។ លេងនៅ Barcelona បានបីឆ្នាំ រូបគេក៏បានផ្លាស់ទៅ Sporting Li*on ដោយឥតគិតថ្លៃនៅឆ្នាំ២០១៧។
គួរឱ្យដឹងដែរថា Mathieu ធ្លាប់ឈ្នះពានរង្វាន់ជាមួយក្លិប Barcelona ដូចជា Champions League, UEFA Super Cup, FIFA Club World Cup, Copa del Rey, Spanish Super Cup និង Spanish champion។ ដោយឡែកនៅក្លិប Sporting Li*on ធ្លាប់ឈ្នះពានរង្វាន់ដូចជា Portuguese cup និង Portuguese league cup។ ចំណែកឯនៅក្លិបផ្សេងទៀតក្រៅពីនេះ រូបគេមិនធ្លាប់ឈ្នះជាមួយទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana