ម៉ូតូទំនើបផុតលេខ តម្លៃកប់ស៊េរីជាង១២ម៉ឺនដុល្លារអាមេរិក ត្រូវបានគេបើកបរសាកល្បងនៅក្នុងប្រទេសបារាំង ។ នេះបើតាមប្រភពព័ត៌មានបានផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
ម៉ូតូនេះមានកម្លាំងរហូតដល់១៨០សេះ សហការផលិតឡើងជាប្រវត្តិសាស្ត្រដោយក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនផលិតរថយន្ត Aston Martin ប្រទេសអង់គ្លេស និងក្រុមហ៊ុនផលិតម៉ូតូ Brough Superior ប្រទេសអង់គ្លេសដូចគ្នា ។
វាត្រូវបានដាក់ឈ្មោះហៅថា ម៉ូតូ AMB 001 ផលិតដោយក្រុមហ៊ុនផលិតរថយន្តAston Martin និងក្រុមហ៊ុនផលិតម៉ូតូ Brough Superior ។ បើតាមក្រុមហ៊ុនបានបញ្ជាក់ថា គេផលិតដំបូងតែចំនួន១០០គ្រឿងប៉ុណ្ណោះ ។
នៅពេលបច្ចុប្បន្ន គំរូម៉ូតូនេះត្រូវបានដាក់នៅតំបន់ Pau-Arnos ទីក្រុង Pau ភាគនិរតីប្រទេសបារាំង ដើម្បីធ្វើតេស្តប្រអប់លេខ ដែលជាញឹកញាប់គឺជាប្រអប់លេខធ្លាប់បានឃើញដាក់នៅលើរថយន្តកង់បួនរបស់ក្រុមហ៊ុន Aston Martin ។
អំឡុងពេលនេះ វិស្វករមកពីក្រុមហ៊ុន Brough Superior ចាប់ផ្តើមវាស់ស្ទង់សមត្ថភាពសំខាន់ៗរបស់ម៉ូតូ AMB 001 នេះ ក៏ដូចជាការបង្កើនល្បឿនរបស់វា និងតួលេខហ្វ្រាំងជាដើម ក៏ប្រហែលជាចំណុចដែលត្រូវកែសម្រួល ។
ម៉ូតូAMB 001 គឺជាប្រភេទម៉ូតូធំ វាបំពាក់ដោយម៉ាស៊ីនភ្លោះ Turbocharged V-twin កម្លាំង១៨០សេះ ហើយទម្ងន់របស់វាត្រឹមតែជាង១៧៩គីឡូក្រាមប៉ុណ្ណោះ ។ ទម្ងន់ស្រាលបែបនេះ ត្រូវបានរចនាឡើងដោយប្រើជាតិសរសៃកាបូនសម្រាប់រូបរាងរបស់វា ។
ម៉ូតូ AMB 001 គ្រោងនឹងចាប់ផ្តើមផលិតនៅរោងចក្ររបស់ក្រុមហ៊ុន Brough Superior ប្រចាំនៅទីក្រុង Toulouse ប្រទេសបារាំង នៅរដូវស្លឹកឈើជ្រុះនេះ។ ការផលិតដំបូងត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយតម្លៃសម្រាប់មួយគ្រឿងគឺចាប់ ១០៨,០០០ អឺរ៉ូ ឬប្រហែល ១២១.៦៧៥ ដុល្លារប៉ុណ្ណោះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថាអាចមានយានកង់ពីរបន្ថែមទៀតនាពេលអនាគតរបស់ក្រុមហ៊ុន Aston Martin ។ នៅឯការពិព័រណ៌ម៉ូតូ AMB 001 កាលពីឆ្នាំមុន ក្រុមហ៊ុន Aston Martin បាននិយាយថា វាគ្រាន់តែជាជំពូកដំបូងនៅក្នុងភាពជាដៃគូដែលទើបបង្កើតថ្មីជាមួយក្រុមហ៊ុន Brough Superiorតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat