រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងចាស់ ឈាង ហុង មកពីក្លិបខ្លារខិនមានរិទ្ធ នៅតែមិនអាចសងសឹកបានសម្រេចដដែលបន្ទាប់ពីចាញ់ពិន្ទុឡុង សំណាង ជើងខ្លាំងប្រចាំក្លិបសាលវ័ន្តកីឡាម្ដងទៀត កាលពីថ្ងៃអាទិត្យ ទី៣០ សីហានៅលើសង្វៀនស៊ីអិនស៊ី។
បើគេចាំមិនភ្លេចទេនោះ នេះជាលើកទី៣ហើយដែលឈាង ហុង ប្រកួតចាញ់ឡុង សំណាង ។ ការប្រកួតលើកនេះ ឈាង ហុងចាញ់ប្រៀបឡុង សំណាង តាំងពីទឹកទី១និងទី២មកម្ល៉េះប៉ុន្តែមិនដល់ថ្នាក់ចាញ់ដាច់ពេកនោះទេ ព្រោះឈាង ហុង គេនៅមានឱកាសវាយបកសងវិញបានខ្លះ គ្រាន់តែមិនចំគោលដៅបានល្អប៉ុណ្ណោះ ។ តាមពិតគូនេះឈាង ហុង មានប្រៀបខាងកម្ពស់ជាង ប៉ុន្តែកម្លាំងរបស់គេដូចជាមិនសូវរឹងមាំទាល់តែសោះ រាល់លើកឱ្យតែគេដើរចូលត្រូវ ឡុង សំណាង ទាត់ឱ្យដួលទាំងជំហរតែម្ដង ។ ឈាង ហុង ចាប់ផ្ដើមស្រុតចុះកម្លាំងយ៉ាងខ្លាំងខណៈការប្រកួតឈានចូលដល់ទឹកទី៤និងទី៥ ។ ប៉ុន្តែគេនៅតែតស៊ូប្រកួតរហូតដល់ចប់ទឹកទី៥និងចាញ់ត្រឹមតែពិន្ទុប៉ុណ្ណោះ។
បើតាមតែគេធ្លាប់ដឹង សម្រាប់ការបរាជ័យទាំង៣លើកកន្លងមកនេះ គឺចាញ់ត្រឹមតែពិន្ទុប៉ុណ្ណោះ។
ចំណែកបឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បានប្រើស្នៀតជើងទាត់ផ្កាប់ចានត្រូវកញ្ចឹងក កីឡាករ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡាឱ្យសន្លប់នៅត្រឹមទឹកទី៤។ រវាងគូនេះធ្លាប់ជួបគ្នាជាច្រើនលើករួចមកហើយដោយមានលទ្ធផលចាញ់-ឈ្នះគ្នាទៅវិញទៅមកប៉ុន្តែចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
ឯការប្រកួតលើកនេះ វ៉ាន់ វឿន បែរជាភ្លាត់ស្នៀតបណ្ដោយឱ្យបឺត សង្ឃឹម ទាត់ត្រូវកញ្ចឹងកពេញទំហឹងរហូតដល់ថ្នាក់ដួលសន្លប់ត្រឹមទឹកទី៤។ ងាកមកមើលការប្រកួតតាំងពីទឹកទី១រហូតដល់ទឹកទី៣ គេឃើញកីឡាករទាំងពីរមានឱកាសវាយបកសងទៅវិញទៅមកបានយ៉ាងល្អ គឺមានប្រៀបស្មើគ្នាទាំងកម្លាំងនិងបច្ចេកទេស ។
ម្យ៉ាងវិញទៀតនៅក្នុងទឹកទី៣ វ៉ាន់ វឿន បានម៉ាត់ចូលមុខកីឡាករ បឺត សង្ឃឹមជាច្រើនដៃទៀតផង ។ ប៉ុន្តែចូលដល់ទឹកទី៤បានប្រហែលជាពាក់កណ្ដាលទឹក ខណៈវ៉ាន់ វឿន ព្យាយាមប្រើស្នៀតកណ្ដាប់ដៃដើម្បីផ្ឌួលបឺត សង្ឃឹមនោះ ស្រាប់តែត្រូវបឺត សង្ឃឹម ទាត់ផ្កាប់ចានត្រូវកញ្ចឹងកមួយជើងយ៉ាងពេញទំហឹង បណ្ដាលឱ្យដួលសន្លប់ក្រោកលែងរួចតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព