ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈមួយបែបមានកំណើតតាំងពីស.វទី១មក ដែលតាមការប៉ាន់ស្មានគឺមានប្រភពមកពីប្រទេសឥណ្ឌាភាគខាងត្បូង តែដូនតាខ្មែរបានកែប្រែឲ្យមានលក្ខណៈជាសិល្បៈខ្មែរ។
ស្បែកធំគឺប្រើសម្ដែងរឿងរាមកេរ្តិ៍ហើយជាទូទៅ លេងក្នុងពិធីបុណ្យធំៗដូចជាការបួងសួងសុំសេចក្ដីប្រាថ្នាអ្វីមួយ, ពិធីបុណ្យសពព្រះចៅអធិការវត្ត, ពិធីបុណ្យសុំទឹកភ្លៀង, បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកុះករចូលរួម។
សិល្បៈស្បែកនេះនៅបន្តលេងដល់បច្ចុប្បន្ននេះក្រោយជះឥទ្ធិពលលើ ល្ខោនស្បែកណាំងថៃ នាសម័យសុខោទ័យ និងអយុធ្យា។ ឧបករណ៍នៃល្ខោនស្បែកធំមានដូចជាផ្ទាំងក្រណាត់.ស, ផ្ទាំងតួសម្ដែងធ្វើអំពីស្បែកគោ ឆ្លាក់ចេញជាក្បូរក្បាច់រចនា មានរូបព្រះរាម, ព្រះលក្សណ៍, ឥន្ទ្រជិត នាងសេដា និងភ្លើងបំភ្លឺ (លលាដ៍ដូងដុត, គំនរឧស, ភ្លើងចន្លុះ)។
ល្ខោនស្បែកធំ ឬល្ខោនស្រមោលស្បែកធំ គឺជាល្ខោនមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥៕ កែសម្រួល៖ Wow Cambodian