រាជធានីភ្នំពេញ ៖ តារាសម្តែងដែលនិយមតែងខ្លួនម្តងប្រុស ម្តងស្រី និងមានរហស្សនាម «នាងមុខសេះ» ដែលមានពេញដោយទេពកោសល្យកំប្លុកកំប្លែង ម៉ាដូណា បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបលោកបានបង្ហោះរូបចម្លាក់មួយដែលមើលទៅគឺមានមុខមាត់ដូចរូបលោកបេះដាក់តែម្តង ។
ក្រោយពីបង្ហោះរូបចម្លាក់តាមបណ្តាញសង្គមផ្ទាល់ខ្លួនរួចមក លោក ម៉ា ដូណា ទទួលបានការបញ្ចេញមតិជាច្រើន ពីមហាជននិងអ្នកគាំទ្ររបស់លោក ដោយម្នាក់ៗបានលើកឡើងថា ជាងចម្លាក់នោះមានទឹកដៃមិនធម្មតាទេ ព្រោះរូបចម្លាក់នោះគឺពិតដូចជា លោក ម៉ាដូណា ណាស់ រហូតមានការចែកចាយបន្តនូវរូបមួយសន្លឹកនោះតៗគ្នា រហូតធ្វើឲ្យសាមីខ្លួនផ្ទុះសំណើចដូចគ្នា ។
បន្ថែមពីការបង្ហោះរូបភាពនៃចម្លាក់ លោក ម៉ា ដូណា ក៏បានសរសេរសាររបៀបលេងសើចផងចង់ហួសចិត្តផងថា «ហេតុអ្វីជាងចម្លាក់លួចស្រលាញ់ខ្ញុំ មិនប្រាប់ខ្ញុំអោយត្រង់ មុខដូចយ័ន្ត៨ទិស»។
យ៉ាងណាមិញ បន្ទាប់ពីមានការចែកចាយថា រូបចម្លាក់នោះមាន មុខមាត់ដូចតារានិយមលេងកំប្លុកកំប្លែង លោកម៉ា ដូណា ថាដូចបេះបិទតែម្ដងមក ទើបធ្វើអោយលោកបានបោះពាក្យសម្តីថាលោកចង់ជួបអ្នកដែលឆ្លាក់រូបចម្លាក់មួយនោះណាស់ តែលោកមិនបានបញ្ជាក់ថាលោកចង់ជួបក្នុងគោលបំណងអ្វីឡើយ ។
គួរបញ្ជាក់ផងដែរថា រូបចម្លាក់ដែលបានរៀបចំឡើងមកនោះ ត្រូវបានគូរឡើងដើម្បីយកទៅដាក់នៅក្នុងវត្តអារាមមួយកន្លែងផងដែរ ហើយមកដល់ពេលនេះក៏មិនទាន់ដឹងថាអ្នកណាជាម្ចាស់ទឹកដៃនៃរូបចម្លាក់មួយនោះនៅឡើយទេ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព