នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៥ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ នាំឱ្យអ្នកជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣ ៤១៧ នាក់។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា អ្នកជំងឺថ្មីគឺជាស្ត្រីជនជាតិហ្វីលីពីនចំនួន ៣ នាក់ដែលជាគ្រូបង្រៀនភាសាអង់គ្លេស និងអនីតិជនជនជាតិបារាំងចំនួន ២ នាក់។
អ្នកជំងឺជនជាតិហ្វីលីពីនទាំងបីនាក់មានអាយុ ២៦ , ២៨ និង ៣៧ ឆ្នាំ បានមកដល់ប្រទេសថៃនៅថ្ងៃទី ២៥ ខែសីហា ព្រមទាំងធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២៨ ខែសីហា។ អ្នកជំងឺថ្មី ២ នាក់ទៀតគឺក្មេងប្រុសជនជាតិបារាំងអាយុ ៣ ឆ្នាំនិងអាយុ ១៥ ឆ្នាំ ដែលពួកគេបានមកដល់ប្រទេសថៃនៅថ្ងៃទី ២៩ ខែសីហា និងធ្វើតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃដដែល។ គិតមកដល់ថ្ងៃនេះថៃមានអ្នកជំងឺសរុបចំនួន ៣ ៤១៧ នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ២៧៤ នាក់និងបន្សល់ទុកអ្នកជំងឺចំនួន ៨៥ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែលចាប់តាំងពីថ្ងៃទី ២ ខែមិថុនាមក។
នៅទូទាំងពិភពលោកអ្នកជំងឺកូវីដ១៩បានកើនឡើងដល់ ២៥.៦៣ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៨៥៤ ៧៤៧ នាក់។
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៦.២១ លាននាក់ ហើយប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកជំងឺសរុបចំនួន ៣.៩១ លាននាក់ និងប្រទេសឥណ្ឌាឈរនៅលំដាប់ទី ៣ ដែលមានអ្នកជំងឺសរុបចំនួន ៣.៦៩ លាននាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post