កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ ដែលជាជនជាតិថៃត្រឡប់មកពីប្រទេសហ្វីលីពីន។
រូបតំណាង
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩បានមានប្រសាសន៍ថាប្រទេសថៃមាន ៣០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺថ្មីក្នុងតំបន់។ លោកបន្ថែមថា នេះជាមោទនភាពមួយដែលបង្ហាញអំពីសមត្ថភាពរបស់ប្រជាជនថៃ អាចធ្វើឱ្យប្រទេសនេះរួចផុតពីជំងឺនេះអស់រយៈពេលមួយខែ។ អ្នកឆ្លងថ្មីគឺជាបុរសអាយុ ៣១ឆ្នាំ ធ្វើការនៅក្នុងភោជនីយដ្ឋានមួយក្នុងប្រទេសហ្វីលីពីន។ គាត់បានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី១៧ ខែមិថុនាហើយត្រូវបានគេដាក់ឱ្យនៅមជ្ឈមណ្ឌលដាច់ដោយឡែកនៃទីក្រុងបាងកក។ គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃចន្ទ ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ រហូតមកដល់ពេលនេះមានជនជាតិថៃចំនួន ៩៦៧នាក់ហើយដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីនវិញ។ ក្នុងចំណោមពួកគេមាន ២នាក់ដែលបានឆ្លងជំងឺ។ ប្រទេសថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣១៥៧នាក់ ក្នុងនោះមាន ៣០២៦នាក់ បានបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
រូបតំណាង
អ្នកឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកបានកើនឡើងដល់ ៩.៣៥លាននាក់ និងមានចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៧៩៨០៦នាក់។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ប្រទេសនៅក្នុងពិភពលោកកំពុងមានការព្រួយបារម្ភទៅលើបញ្ហាជំងឺនេះ។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.៤២លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១២៣៤៧៣នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី៩៣ ក្នុងចំណោមប្រទេសដែលរាតត្បាតដោយមេរោគកូវីដ-១៩នៅលើពិភពលោក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post