ប៉ូលិសរុស្ស៊ី បានចាប់ខ្លួនស្រ្ដីជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការបោះបង់ទារក ទើបនឹងកើត ចំនួន៥នាក់ នៅក្នុងផ្ទះល្វែងមួយខ្នង នៅទីក្រុងមូស្គូ។
មន្រ្ដីអនុវត្ដច្បាប់ បានប្រាប់សារព័ត៌មាន Tass ថា ប៉ូលិសបានឃុំខ្លួនស្រ្ដីជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការបោះចោលទារកចំនួន៥នាក់ នៅទីក្រុងមូស្គូ។ ហេតុការណ៍នេះ បានកើតឡើង ក្រោយរកឃើញទារកទើបនឹងកើតចំនួន៥នាក់ នៅក្នុងផ្ទះល្វែងមួយ នាភាគពាយព្យ នៃទីក្រុងមូស្គូ។
ប្រភពព័ត៌មាន បានបន្ដថា ផ្ទះលែងដែលរកឃើញទារកនោះ ជាកន្លែងដែលស្រ្ដីជនជាតិចិនខាងលើរស់នៅ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ប៉ូលិសបាននាំស្រ្ដីជនជាតិចិនទៅសួរចម្លើយ នៅស្ថានីយប៉ូលិស។
លោក Yulia Ivanova អ្នកនាំពាក្យនាយកដ្ឋានស៊ើបអង្កេត នៅទីក្រុងមូស្គូ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ប៉ូលិសបានរកឃើញទារកទាំងនេះ នៅក្នុងផ្ទះល្វែងមួយ ស្ថិតក្នុងខណ្ឌ
Ostankino ទីក្រុងមូស្គូ ។ ករណីនេះ ត្រូវបានគេមើលឃើញថា មានការជួញដូរមនុស្សជាចំហ។ ប៉ុន្ដែសំណុំរឿងនេះ នឹងស្ថិតក្រោមការស៊ើបអង្កេតដោយផ្ទាល់ពីលោក Denis Popov រដ្ឋអាជ្ញាធរទីក្រុងមូស្គូ។
ប្រភពព័ត៌មាន បានបន្ដថា ទារកទាំងនោះ គឺបង្កើតតាមរយ:ការពពោះជំនួស ព្រោះប៉ូលិសបានរកឃើញឯកសារជាភាសារុស្ស៊ី និងចិន ពាក់ព័ន្ធនឹងដំណើរការ នៃការពពោះជំនួសនេះ។
លោកស្រី Anna Kuznetsova ស្នងការសិទ្ធិកុមាររបស់រុស្ស៊ី បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ទារកទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្ដែរហូតមកដល់ពេលនេះ សុខភាពរបស់ពួកគេ មានសុវត្ថិភាពល្អទេ៕ ប្រែសម្រួលដោយ Nuon