នៅថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៣១៥៦នាក់ និងអ្នកស្លាប់សរុបចំនួន ៥៨នាក់។ នេះមាន២៩ថ្ងៃហើយដែលប្រទេសថៃមិនអ្នកឆ្លងថ្មីក្នុងតំបន់។
អ្នកឆ្លងថ្មីទាំង ៥នាក់ សុទ្ធតែជាអ្នកបានត្រឡប់មកពីប្រទេសមជ្ឈិមបូព៌ា។ លោកវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា មានអ្នកឆ្លងថ្មីចំនួន ២នាក់ ត្រឡប់មកពីប្រទេសអេស៊ីបវិញកាលពីថ្ងៃទី៩ ខែមិថុនាហើយត្រូវគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Chon Buri ។ ដំបូងពួកគេបានធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាន ប៉ុន្តែក្រោយការធ្វើតេស្តលើកទី២ ពួកគេក៏បង្ហាញលទ្ធផលវិជ្ជមានកាលពីថ្ងៃសៅរ៍។ ម្នាក់ក្នុងចំណោមពួកគេគឺជានិស្សិតប្រុសអាយុ ៣១ឆ្នាំ ត្រឡប់មកពីរដ្ឋ Cairo ។ ម្នាក់ទៀតជាស្រី្តមានអាយុ ២២ឆ្នាំ មានមុខរបរជាអ្នកបម្រើក្នុងផ្ទះ។
អ្នកឆ្លងថ្មីចំនួន ៣នាក់ទៀតបានវិលត្រឡប់មកពីរដ្ឋ Qatar ។ ពួកគេបានមកដល់ស្រុកថៃកាលពីថ្ងៃទី១៦ ខែមិថុនា ហើយត្រូវបានដាក់ឱ្យនៅក្នុងមណ្ឌលដាច់ដោយឡែកនៃខេត្ត Chon Buri ។ ពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យ។ ម្នាក់ក្នុងចំណោមពួកគេគឺជាស្ត្រីម្នាក់មានអាយុ ៣១ឆ្នាំ ម្នាក់ទៀតជាជាងកាត់ដេរ ម្នាក់ទៀតមានអាយុ ២២ឆ្នាំជាអ្នកម៉ាស្សា និងម្នាក់ទៀតជាអ្នកបើករថយន្តស្ទូចអាយុ ៥២ឆ្នាំ។ បច្ចុប្បន្នថៃមានអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៧១នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post