បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមានស្នាមដាច់បំពង់ក ហើយបុរសម្នាក់ទៀតមានរបួសធ្ងន់ធ្ងរនៅឯអគារមួយមានកម្ពស់ ៦ជាន់ក្នុងសង្កាត់ Bang Sue នៃទីក្រុងបាងកកកាលពីយប់ថ្ងៃចន្ទ។
លោកវរសេនីយ៍ទោ Khotchaphop Bun-in ប្រធានផ្នែកស៊ើបអង្កេតតំបន់ Tao Poon បាននិយាយថា បុរសរងគ្រោះមានអាយុប្រហែល ៣០ឆ្នាំ ត្រូវបានគេរកឃើញនៅលើដំបូលអាគារមួយ។បុរសរងគ្រោះមានស្នាមអារបំពង់ក ស្នាមចាក់ត្រង់សៀតផ្កា និងស្នាមរបួសចំនួន ២កន្លែងទៀតនៅចំដើមទ្រូងខាងឆ្វេងរបស់គាត់។ ពេលទៅដល់កន្លែងកើតហេតុ គេឃើញជនរងគ្រោះដេកស្លាប់ដោយផ្កាប់មុខ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថានៅលើខ្លួនបុរសរងគ្រោះ ប៉ូលិសរកមិនឃើញឯកសារពាក់ព័ន្ធដែលអាចបញ្ជាក់អត្តសញ្ញាណរបស់គេបានទេ។ នៅជិតជនរងគ្រោះគេឃើញមានកាំបិតមុតស្រួចមួយ ដបស្រាមួយកំប៉ុង និងស្បែកជើងមួយគូ។ ឈាមរបស់ជនរងគ្រោះបានហូរតាំងពីដំបូលអគារធ្លាក់មកដល់ជាន់ទី៣។ បុរសជនជាតិឥណ្ឌាម្នាក់ទៀតដែលត្រូវបានគេស្គាល់ថាឈ្មោះ Shyam Sagar Singh អាយុ ៣៥ឆ្នាំត្រូវបានគេរកឃើញនៅខាងមុខបន្ទប់ដោយមានរបួសយ៉ាងធ្ងន់ធ្ងរនៅត្រង់កជើងខាងស្តាំរបស់គាត់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Vajira ភ្លាមៗ។
រូបតំណាង
ស្ត្រីម្នាក់ដែលរស់នៅជាន់ទី៣ បានប្រាប់ប៉ូលិសថានាងបានឮសំឡេងយ៉ាងខ្លាំងចេញពីជាន់ខាងលើហើយគិតថាមានគេគោះអ្វីមួយ។ មួយសន្ទុះក្រោយស្រាប់តែមានគេមកគោះទ្វារបន្ទប់នាង។ នៅពេលបើកទ្វារ នាងបានឃើញបុរសម្នាក់ហូរឈាមនៅត្រង់ជើងយ៉ាងខ្លាំង។ បុរសនោះស្នាក់នៅក្នុងបន្ទប់ទល់មុខនាង។ នាងបានទូរសព្ទទៅប៉ូលិសហើយក្រោយមកក៏ដឹងថាមានបុរសម្នាក់ទៀតស្លាប់នៅលើដំបូល។ ស្ត្រីនោះបាននិយាយថា បុរសទាំង ២នាក់នោះស្នាក់នៅបន្ទប់តែមួយ ប៉ុន្តែនាងមិនដែលឮពួកគេឈ្លោះគ្នាទេ។ លោក Krit Kanchana ប្រធានមន្ត្រីប៉ូលិសតំបន់ Tao Poon បានឆែកវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពហើយបានឃើញបុរសជនជាតិឥណ្ឌាម្នាក់ផ្សេងទៀតបានមកដល់អគារមុនពេលកើតហេតុ បន្ទាប់មកបុរសនោះបានចាកចេញទៅវិញ។ ប៉ូលិសកំពុងស្វែងរកបុរសម្នាក់នោះដើម្បីសាកសួរចម្លើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post