ក្រុមឧទ្ទាមជីហាត កាលពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី នៅ Hmeimim ស្ថិតក្នុងប្រទេសស៊ីរី ។ នេះបើតាមគេហទំព័រ AMN ចេញផ្សាយ នៅថ្ងៃទី២៣ ខែមិថុនា។
បើតាមសេចក្ដីរាយការណ៍ពីខេត្ត Latakia បានឲ្យដឹងថា កងទ័ពអាកាសស៊ីរី និងរុស្ស៊ី បានធ្វើសកម្មភាព នៅមូលដ្ឋានកងទ័ពអាកាស Hmeimim និងយោធភូមិភាគ SAA នៅជិត
ទីក្រុង Jableh ។ ក្រុមឧទ្ទាមជីហាតតែងតែព្យាយាមវាយប្រហារ ដោយមីស៊ីល ទៅលើតំបន់នោះ។
ប្រភពព័ត៌មាន នៅក្នុងទីក្រុង Jableh បានថ្លែងថា កាលពីយប់កន្លងទៅនេះ អ្នករស់នៅទីក្រុងនេះ បានភ្ញាក់ឡើងទាំងការភ័យខ្លាច ដោយសារឮសំឡេងមីស៊ីលផ្ទុះលាន់កងរំពង។ ការវាយប្រហារនេះត្រូវគេចាត់ទុកថា ជាសកម្មភាពរបស់ក្រុមឧទ្ទាមជីហាត។
ទោះជាយ៉ាងណា ការវាយប្រហារនោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតទ្រង់ទ្រាយធំនោះឡើយ៕ ប្រែសម្រួលដោយ Nuon