សម្តេចព្រះមហាសុមេជាធិបតី ទន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារជាវីដេអូ នៅក្នុងគេហទំព័ហ្វេសប៊ុក របស់ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជាជុំវិញការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងអំឡុងពេលបុណ្យភ្ជុំកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
សម្តេចព្រះសង្ឈនាយក បានមានព្រះថេរដីកាថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣-១៨ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខនេះ ក្រសួងសុខាភិបាល បានណែនាំគ្រប់ស្ថាប័នទូទាំងកម្ពុជា ឱ្យប្រុងប្រយ័ត្នការពារខ្លួន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នាឱកាសបុណ្យជាតិខាងលើនេះ។
“ថ្ងៃនេះខ្ញុំព្រះករុណាអាត្មាភាព បានទទួលសារពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំ ផ្តាំឱ្យកូនចៅពុទ្ធបរិស័កទាំងឡាយទូទាំងប្រទេសកម្ពុជា ទាំងក្មេងទាំងចាស់ទាំងយាយទាំងតា នំាគ្នាធ្វើការសម្អាតរាងកាយឱ្យបានល្អ ត្រូវដុសខាតឱ្យស្អាតកុំឱ្យមេរោគកូវីដ១៩ មកបៀនបៀន ត្រូវមានដុសសាប៊ូល្អៗទឹកល្អៗ មានទឹកអាកុលសម្រាប់លាងដៃជាប់ជានិច្ច មុននឹងហូបឬឆាន់បាយគ្រប់ៗអង្គត្រូវសម្អាតឱ្យបានល្អ”។
ជាមួយគ្នាផងដែរ បើយោងតាមព្រះរាជសង្ឃប្រកាស របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីសម្តេចព្រះមហាសង្ឃរាជ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩បានឱ្យដឹងថា មាន៥ចំណុចតម្រូវឱ្យពុទ្ធបរិស័កចូលរួម បើមិនដូច្នេះគឺមិនអនុញ្ញាតឱ្យចូលក្នុងវត្តអារាម។
ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ នូវការចម្លងនានាពីវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គ្រប់វត្តអារាមនៅខេត្តនិងរាជធានីទាំងអស់ រួមទាំងពុទ្ធបរិស័ក ត្រូវតែចូលរួមអនុវត្តនូវវិធានការទាំង៥ចំណុចដូចតទៅ៖ ១.ព្រះចៅអធិការវត្តត្រូវប្រញាប់បាញ់ថ្នាំសម្លាប់មេរោគក្នុងទីអារាមវត្តជាប្រចាំ និងរៀបចំឱ្យមានទីកន្លែងអាល់កុល ជែល ឬក៏សាប៊ូសម្អាតដៃ ដល់ពុទ្ធបរិស័កមុនចូលទៅខាងក្នុងទីកន្លែង បំពេញបុណ្យកុសល។
២. ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយអាកុល ឬជែល ឬជាមួយសាប៊ូមុននឹងក្រោយ ចាប់កាន់វត្ថុសម្ភារៈដែលមានមនុស្សប៉ះពាល់ច្រើន។ ៣. ត្រូវនៅក្នុងទីកន្លែងដែលមានខ្យល់ចេញចូលល្អ ដោយរក្សាគម្លាតសុវត្ថិភាពពីគ្នា។ ៤.ត្រូវលើកទឹកចិត្តខ្ពស់ ឱ្យពុទ្ធបរិស័កពាក់ម៉ាស់ ឬប្រើក្រមាខ្ទប់មាត់ ច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាយសាយផ្សេងៗរួមទាំងកូវីដ១៩។ ៥. ពុទ្ធបរិស័កទាំងអស់ត្រូវរើសមធ្យោបាយសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅកាន់ទីវត្តអារាមព្រះពុទ្ធសាសនា ឬទីកន្លែងផ្សេងៗដោយភ្ជាប់ទៅជាមួយនូវអាល់កុល ជែលសម្រាប់សម្អាតដៃ គ្រប់ពេលវេលាការពារឆ្លងនិងចម្លងវីរុសកូវីដ១៩។ ដោយ៖ ឃួន លក្ខិណា