ខេត្តបាត់ដំបង ៖ ជាង៤០ឆ្នាំកន្លងមកហើយ ដែលបុរសម្នាក់ធ្លាក់ខ្លួនពិការដោយសារ
«ស៊ីឈ្នូលបំផ្ទុះម្សៅ TNT ខុសបច្ចេកទេស ដើម្បីជីកស្រះយកទឹកប្រើប្រាសើ» រស់នៅយ៉ាងវេទនាភ្នែកបំផុតក្រោមដំបូលខ្ទមតូចមួយ ជាមួយម្ដាយមីង ដែលជាស្ត្រីមេម៉ាយទុរគត និងមានវ័យចំណាស់ ជួយមើលថែទាំរហូតមកដល់សព្វថ្ងៃនេះ។ បុរសពិការរូបនេះ មានវ័យ៤៧ឆ្នាំ ឈ្មោះ រ៉ូ សំអឿន ធ្លាប់ធ្វើជាទាហានឈរជើងនៅតំបន់«ណាំសាប» ភាគខាងលិចខេត្តបាត់ដំបង កាលពីអំឡុងដើមទសវត្សឆ្នាំ៨០។ នេះបើតាមសាច់ញាតិរបស់គាត់បាននិយាយប្រាប់កោះសន្តិភាពដោយសង្ខេប កាលពីថ្ងៃទី៣០ សីហា។
គាត់ពិការភ្នែកទាំងសងខាង ពិការដៃស្ដាំ និងពិការជើងថែមទៀត។ សព្វថ្ងៃ ត្រូវគេរៀបចំឲ្យគាត់ស្នាក់នៅក្នុងខ្ទមតូចមួយ ដែលមានដំបូលនិងជញ្ជាំងបិទបាំងស័ង្កសីតែប៉ុន្មានសន្លឹកប៉ុណ្ណោះ។ ប៉ុន្តែមានបន្ទប់ទឹកដ៏សមរម្យមួយនៅក្បែរនោះ ដែលមានម្ដាយម៉ីង ឈ្មោះ យិប សារឿង អាយុ៧៦ឆ្នាំ នៅភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ និង ជាស្ត្រីមេម៉ាយដ៏កំសត់ផង ជាអ្នកមើលថែទាំ។
ឈ្មោះ យិប សារឿង ដែលជាម្ដាយមីងបានពិព័រណ៌នាអំពីប្រវត្តិខ្លះៗ នៃក្មួយប្រុសគាត់យ៉ាងដូច្នេះថា «ខ្ញុំបានយកវាមកចិញ្ចឹមតាំងពីតូច ហើយវាធ្លាប់ធ្វើទាហានឈរជើងនៅណាំសាប។ ប៉ុន្តែក្រោយមក វាធ្លាក់ខ្លួនពិការដោយសារវាទៅនៅស៊ីឈ្នូលជាមួយគេ»។ គាត់និយាយទៀតថា « វាពិការដោយសារត្រូវគ្រាប់មីនពេលជីកស្រះ តែខ្ញុំមិនដឹងថា ត្រូវរបៀបណាទេ។ សព្វថ្ងៃនេះ វាពិការភ្នែកមើលមិនឃើញ ពិការដៃម្ខាង និង ជើងក៏ដើរមិនរួចដែរ តែវាអាចរំកិលចុះពីគ្រែ ចូលបន្ទប់ទឹកបានដោយខ្លួនឯង។ សព្វថ្ងៃ ខ្ញុំមើលថែទាំវាផង និងកូនប្រុសខ្ញុំ អាយុ៣៣ឆ្នាំម្នាក់ផង»។
បើគេមើលឃើញជាក់ស្ដែង ជម្រកដ៏តូចចង្អៀតរបស់បុរសពិការ រ៉ូ សំអឿន គឺមិនល្អ ដូចបន្ទប់ទឹករបស់គាត់ ដែលសាងសង់ពីថ្មនៅក្បែរនោះទេ។ នៅក្នុងខ្ទមគាត់ គេឃើញមានចងមុង តែគ្មានកំរាលទេ មានតែក្ដារប៉ុន្មានសន្លឹក និងមានប៊ីដុងទឹកសុទ្ធមួយធុងទុកនៅចុងជើង ។ រ៉ូ សំអឿន បានផ្ដល់បទសម្ភាសន៍យ៉ាងខ្លី ជាមួយកោះសន្តិភាពនៅក្នុងខ្ទមនោះ។ គាត់បាននិយាយពីដើមចម ដែលនាំឲ្យគាត់ធ្លាក់ខ្លួនពិការរហូតដល់សព្វថ្ងៃនេះថា «ខ្ញុំធ្លាប់ធ្វើទាហាននៅណាំសាប តែខ្ញុំធ្លាក់ខ្លួនពិការនៅឆ្នាំ១៩៨៦ ពេលខ្ញុំទៅនៅស៊ីឈ្នូលធ្វើស្រែជាមួយគេ (ភ្លេចឈ្មោះ) នៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ»។
នៅពេលសួរថា តើកាលនោះធ្វើអ្វី ទើបមានគ្រោះថ្នាក់ពិការធ្ងន់ធ្ងរបែបនេះ ? គាត់ឆ្លើយតបទាំងសំឡេងខ្សាវៗថា « កាលនោះខ្ញុំ ស៊ីឈ្នូលជីកស្រះឲ្យគេ ដីរឹងពេកកាប់មិនមុត ខ្ញុំក៏យកម្ស៉ៅ TNT មកឆ្នៃដាក់គីបបំផ្ទុះដីនោះ ដើម្បីងាយស្រូលកាយ។ ការបំផ្ទុះនោះ ខ្ញុំបានដាក់ចំនួន០៣គ្រាប់ តែបំផ្ទុះ០២គ្រាប់ដំបូងមិនមានបញ្ហាទេ។ លុះខ្ញុំដាក់០១គ្រាប់ចុងក្រោយ ស្រាប់តែភ្លាត់ស្នៀតដំត្រូវគីបក៏បណ្ដាលឲ្យផ្ទុះនៅនឹងកន្លែង ត្រូវរបួសដាច់ដៃ របួសភ្នែកទាំង២ និង របួសពាសពេញផ្ទៃមុខ បាក់ធ្មេញបាក់ឆ្អឹងថ្គាមអស់ ហើយធ្លាក់ខ្លួនពិការរហូតមកដល់សព្វថ្ងៃនេះ »។
នៅក្នុងកូនខ្ទមនោះ គេតែងឃើញបុរសពិការ រ៉ូ សំអឿន រំកិលចុះពីដំណេក ពេលខ្លះអាក្រាតកាយផង ស្រវ៉ាចូលបន្ទប់ទឹកមួយថ្ងៃយ៉ាងតិច០៣ដង ដើម្បីងូតទឹក និង លាងសម្អាតបន្ទប់ទឹករបស់គាត់។ នេះបើតាមម្ដាយមីង និង កូនក្មួយៗគាត់និយាយប្រាប់។ អ្នកស្រី សូត វឿត អាយុ៣៤ឆ្នាំ ត្រូវជាប្អូនជីដូនមួយបុរសពិការរូបនេះ បាននិយាយថា រ៉ូ សំអឿន នេះ ពិតមែនតែគាត់ពិការដើរមិនរួច មើលមិនឃើញ មានតែដៃម្ខាង តែគាត់ចូលចិត្តភាពស្អាតបាតណាស់។ មួយថ្ងៃៗគាត់ចេញចូលៗ បន្ទប់ទឹករហូត ងូតទឹកផង និង លាងសំអាតបន្ទប់ទឹកផង។
ប៉ុន្តែគាត់ជួបការលំបាកខ្លាំងណាស់ ដោយសារគាត់រស់នៅជាមួយម្ដាយមីងដែលមានវ័យចាស់ជរាទៅហើយ។ អ្នកស្រី សូត វឿត បានលើកឡើងដូច្នេះថា «ម្ដាយមីងគាត់ (បុរសពិការ) ចាស់ជរា គ្មានមុខរបរ ហើយគ្រប់គ្រងគាត់ពិការផង និង កូនប្រុសម្នាក់ផង ដោយពឹងលើដីស្រែបន្តិចបន្ទូច។ ខ្ញុំធ្លាប់ឃើញគាត់ទទូលបានអំណោយពីអាជ្ញាធរម្ដងដែរ ហើយប៉ុន្មានថ្ងៃមុននេះ មានសប្បុរសជនជួបដោយចៃដន្យគេបានជួនថវិកាគាត់ខ្លះ ដោយសារឃើញគាត់វេទនាពេក»។
ស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិននេះ បើតាមអ៊ុំស្រី យិប សារឿង បានរៀបរាប់ថា កាលដើមឡើយ គាត់មានផ្ទះស្នាក់នៅជុំគ្នា ជាមួយក្មួយពិការ តែក្រោយមកគាត់បានរើផ្ទះទៅធ្វើកន្លែងផ្សេង តែនៅក្បែរនោះដែរ ដោយសារនៅលើដីចាស់នោះរដ្ឋគេត្រូវការធ្វើប្រព័ន្ធប្រឡាយទឹក។ ប៉ុន្តែគាត់បានប្រាប់ថា ពេលធ្វើផ្ទះនៅកន្លែងផ្សេងនោះ គាត់បានធ្វើខ្ទមតូចមួយទុកឲ្យក្មួយនៅម្នាក់ឯង នៅលើទីតាំងចាស់ មានបន្ទប់ទឹកនៅក្បែរនោះស្រេច ព្រោះរដ្ឋមិនទាន់ត្រូវការ តែគាត់នៅតែមើលថែក្មួយដដែល។
ស្ត្រីមេម៉ាយវ័យ៧៦ឆ្នាំរូបនេះ បានត្អូញត្អែរថា « សព្វថ្ងៃនេះ បើនិយាយពីលំបាក ខ្ញុំជួបការលំបាកខ្លាំងណាស់។ ជាពិសេស ជាង១០ឆ្នាំចុងក្រោយនេះ ក្រោយពីប្ដីខ្ញុំ បានស្លាប់ទៅ។ ខ្ញុំរស់ជាមួយកូនប្រុសម្នាក់ និងមើលថែក្មួយពិការម្នាក់ ដោយពឹងលើដីស្រែចំនួន០២ហិចតា ដែលកូនប្រុសខ្ញុំ ជាអ្នករាប់រង»។ នៅពេលសួរថា តើកន្លងមក អ៊ុំស្រីធ្លាប់
ទទូលបានអំណោយ ពីអាជ្ញាធរឬសប្បុរសជនខាងណាខ្លះទេ ? តើធ្លាប់ទទូលបានប័ណ្ណក្រីក្រ ពីអាជ្ញាធរដែរឬទេ ? គាត់បានផ្ដល់ចម្លើយយ៉ាងដូច្នេះថា « ច្រើនឆ្នាំហើយ ខ្ញុំធ្លាប់ទទូលបានអំណោយអង្ករ២៥គ.កម្ដងពីអាជ្ញាធរ ហើយថ្មីៗមានសប្បុរសជន គាត់បានមកដល់ផ្ទះខ្ញុំ មើលឃើញក្មួយខ្ញុំផ្ទាល់ ហើយបានឧបត្ថម្ភជាថវិការមួយចំនួនដែរ។ ប៉ុន្តែបើនិយាយពីប័ណ្ណក្រីក្រវិញចប់ហើយ អាជ្ញាធរគេមិនដែលសួរនាំខ្ញុំទេ។
ខ្ញុំឃើញអ្នកភូមិខ្លះទទូលបានអំណោយ នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩នេះ តែខ្ញុំគ្មានសោះ.. តែខ្ញុំមិនខឹងឬអន់ចិត្តអីទេ..»។ ប៉ុន្តែគាត់ក៏ប្រាថ្នាចង់បានអំណោយខ្លះៗ ពីសប្បុរសជននានា ដើម្បីបានជួយដោះបន្ទុកក្នុងជីវភាពគ្រួសារ ដែលកំពុងជួបការលំបាកនេះដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព