នាងខាត់ សុឃីម និងមាតាបិតាសិស្សខ្លះទទួចសុំសាលារៀនឯកជនបញ្ចុះថ្លៃសិក្សាពេលរៀនតាមអនឡាញ
រាជធានីភ្នំពេញ ៖ សិល្បករពហុជំនាញនាង ខាត់ សុឃីម បានបញ្ចេញប្រតិកម្មជាសាធារណៈតាមបណ្តាញសង្គម ពីតម្លៃសិក្សារបស់សិស្សនៅសាលាឯកជន ក្នុងពេលជំងឺកូវីដ១៩ ដោយអ្នកនាងបាននិយាយថា នៅក្នុងពេលមានជំងឺកូវីដ១៩ បន្តមានវត្តមាននាំឲ្យការសិក្សានៅតែធ្វើតាមអនឡាញនោះ ដូច្នេះ សាលាឯកជនគួរតែបញ្ចុះតម្លៃ សិក្សាមិនគួរណាយកថ្លៃពេញដូចការសិក្សានៅក្នុងថ្នាក់ផ្ទាល់នោះឡើយ។
ការលើកឡើងរបស់សិល្បកររូបនេះ បានគាំទ្រពីអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសអ្នកមានកូនរៀននៅសលាឯកជនផងដែរ។ តាមពិតទៅ ករណីនេះ កន្លងមក ក៏មានការត្អូញត្អែរពីមាតាបិតាសិស្សជាច្រើនដែរ។ រហូតមានមាតាបិតាសិស្សខ្លះ បានជួបជុំគ្នាធ្វើការតវ៉ា ដើម្បីឲ្យសាលាបញ្ចុះថ្លៃសិក្សានៅពេលការសិក្សាតាមអនឡាញ ថែមទៀតនិងមានសាលារៀនមួយចំនួនបានបញ្ចុះថ្លៃតាមការតវ៉ា។
សាលាឯកជន បានបើកទទួលចុះឈ្មោះសិស្សសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ចាប់ពីដើមខែសីហាមក ឬចុងខែកក្កដាមក។ នៅក្នុងពេលទទួលចុះឈ្មោះឆ្នាំសិក្សាថ្មីនេះ សាលាឯកជនភាគច្រើន មិនបានប្រាប់ច្បាស់លាស់ទៅមាតាបិតាសិស្សថា ឆ្នាំសិក្សាថ្មី២០២០-២០២១នោះ សាលារបស់ពួកគេរៀនតាមអនឡាញ ឬរៀនដោយផ្ទាល់នោះទេ។ សាលាបានត្រឹមឆ្លើយថា អាស្រ័យលើក្រសួងអប់រំ យុវជននិងកីឡា ប៉ុន្តែចំពោះថ្លៃសិក្សាវិញពួកគេយកថ្លៃសិក្សាពេញជាធម្មតា ដែលធ្វើឲ្យមានការមិនពេញចិត្តពីឪពុកម្តាយសិស្សជាច្រើន។
ពលរដ្ឋដែលមានកូនរៀននៅសាលាឯកជនរួមទាំងសិល្បករ ខាត់ សុឃីម ផង លើកឡើងថា ពេលមានជំងឺកូវីដ១៩ នេះ មនុស្សជាច្រើនបានប៉ះពាល់សេដ្ឋកិច្ច ហើយការសិក្សាតាមអនឡាញ កូនចៅរបស់គេមិនអាចទទួលបានគុណភាពសិក្សាដូចរៀននៅក្នុងថ្នាក់នោះឡើយ។ដូច្នេះ សាលារផនគួរតែបញ្ចុះថ្លៃសិក្សាពីព្រោះសាលារៀន ក៏មានការចំណាយតិចជាងពេលធម្មតា។
អ្នកស្រី ខាត់ សុឃីម បាននិយាយតាមបណ្តាញសង្គមថា គាត់បានទៅចុះឈ្មោះសិក្សាឲ្យកូនគាត់នៅថ្ងៃនេះ ប៉ុន្តែសាលារៀនដែលកូនគាត់រៀននោះ បានថ្លៃពេញសិក្សាពេញ ខណៈ ដែលបុគ្គលិកទទួលប្រាក់នៅសាលានោះឆ្លើយថា ការសិក្សាមិនទាន់បានចូលរៀននៅក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ អ្នកស្រី បាននិយាយថា ការសិក្សាតាមអនឡាញ នាពេលកន្លងមក កូនៗរបស់អ្នកស្រី មិនទទួលបានចំណេះដឹងដែលមានគុណភាពនោះទេ។
នៅឆ្នាំសិក្សា២០២០-២០២១ នេះ អ្នកស្រី ខាត់ សុឃីម ត្រូវបង់ថ្លៃសិក្សាឲ្យកូនម្នាក់សម្រាប់ភាសាខ្មែរ៧៥០ដុល្លារ និងសម្រាប់ថ្នាក់ភាសាអង់គ្លេសជាង៨០០ដុល្លារ។ អ្នកស្រីបានបញ្ជាក់ថ្លៃសិក្សានោះ មានតម្លៃខ្ពស់សម្រាប់ឱកាសលំបាករកចំណូលនេះ ដែលគួរណាសាលារៀនបញ្ចុះថ្លៃសិក្សាខ្លះ ពីព្រោះការរៀនតាមអនឡាញ សាលាបានកាត់បន្ថយការចំណាយជាច្រើន ដូចជាទឹក ភ្លើង ឬប្រាក់បៀវត្សរ៍របស់លោកគ្រូអ្នកគ្រូជាដើម។
អ្នកស្រីខាត់ សុឃីម បានសម្រេចចិត្តមិនបង់ថ្លៃសិក្សាភាសាអង់គ្លេសឲ្យកូនឡើយ។ ការលើកឡើងរបស់គាត់នៅតាមបណ្តាញសង្គមមានការគាំទ្រជាច្រើន។ ផ្សេងពីនោះ មានឳពុកម្តាយសិស្សមួយចំនួនក៍បានត្អូញត្អែរផ្ទាល់ជាមួយអ្នកាសែត ក្នុងករណីនេះដែរ។
អ្នកស្រីបូផល ដែលមានកូនរៀនសាលាឯកជនដែល បាននិយាយថា គាត់ទើបបង់ថ្លៃសិក្សាឲ្យគាត់របស់គាត់ពីរ អស់ប្រាក់ជិត៣ពាន់ដុល្លារ។ ដោយសារការច្បាស់លាស់ពីការសិក្សាតាមអនឡាញ ឬសិក្សាដោយផ្ទាល់ កាត់សម្រេចចិត្តបង់ថ្លៃសិក្សាកូនម្នាក់ៗ តែពាក់កណ្តាលឆ្នាំប៉ុណ្ណោះ។ «សាលាថាចូលរៀននៅដើមខែកញ្ញានេះ ប៉ុន្តែរៀនផ្ទាល់ឬតាមអនឡាញមិនទាន់ប្រាកដទេ។ អាចរៀនតាមអនឡាញផងនិងរៀនផ្ទាល់ផង តែថ្លៃសិក្សាគេយកពេញដូចធម្មតា។ យើងគ្មានជម្រើសទេបើមិនបង់ កូនមិនបានរៀន» អ្នកស្រីបូផល បញ្ជាក់។
មាតាបិតាខ្លះទៀតបានលើកឡើងថា កាលពីឆ្នាំសិក្សា២០១៩-២០២០ សាលារៀនបានយកថ្លៃសិក្សាពេញ ប៉ុន្តែកូនៗរបស់ពួកគាត់បានសិក្សាផ្ទាល់នៅសាលាបានតែមួយឆមាស លុះដល់ឆមាសទី២ ដែលចាប់ពីឆ្នាំ២០២០មក ពេលផ្ទុះករណីជំងឺកូវីដ១៩ រៀនតាមអនឡាញ សាលារៀនខ្លះមិនបានរៀនតាមអនឡាញទេ គឺឲ្យតែលំហាត់មកសិស្សធ្វើនៅផ្ទះ ប៉ុន្តែថ្លៃសិក្សាវិញ ពួកគេមិនបាននិយាយដល់ឡើយ ដោយសារបានយកថ្លៃសិក្សាអស់ទៅហើយ។
ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសបើកសាលារៀនក្នុងដំណាក់ទី២ ចាប់ពីដើមខែកញ្ញានេះទៅ ដែលមានទាំងសាលារៀនឯកជន និងរដ្ឋផង ហើយបើតាមក្រសួងការសិក្សាឡើងវិញនេះ អាចធ្វើឡើងដោយផ្ទាល់ផង និងតាមអនឡាញផង ជាមួយនឹងការអនុវត្តឲ្យខ្ជាប់ខ្ជួនពីវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល។ ពលរដ្ឋជាច្រើនចង់ឲ្យក្រសួងនិងប្រមុខដឹកនាំ មានអន្តរាគមន៍ចំពោះថ្លៃសិក្សារបស់សាលាឯកជននេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព