កូនខ្មែរបន្ទាយមានជ័យកែច្នៃរថយន្ត Toyota ឆ្នាំ៩៣ទៅជារថយន្តស៊េរីទំនើបនឹកស្មានមិនដល់
ធ្លាប់តែឃើញនៅបរទេស ពេលនេះកូនខ្មែរមួយរូបរស់នៅខេត្តបន្ទាយមានជ័យមានធ្វើឲ្យកក្រើកបណ្ដាញសង្គមក្រោយកែច្នៃរថយន្តស៊េរីចាស់ ទៅជារថយន្តទំនើបយ៉ាងប្រណិត។
រថយន្តនេះគឺស៊េរី Toyota ផលិតឆ្នាំ១៩៩៣ បច្ចុប្បន្នមានអាយុកាល២៧ឆ្នាំហើយ ប៉ុន្តែត្រូវបានយុវជនម្នាក់ឈ្មោះឈួន សុផាន់ ធ្វើឲ្យកែច្នៃឲ្យទៅជារថយន្តទំនើបចុងក្រោយ ធ្វើឲ្យមានការចាប់អារម្មណ៍គ្រប់ៗគ្នា។ យុវជននេះមានមុខរបរជាជាង រស់នៅ ឃុំចម្ការតោដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការកែច្នៃរបស់យុវជន ឈួន សុផាន់ បានទទួលភាពល្បីល្បាញនៅពេលដែលរូបគេយករថយន្តទៅឆៀក នៅកន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តក្នុងខេត្តបន្ទាយមានជ័យ។ នេះគឺជាការកែច្នៃលើកទីមួយហើយរបស់ សុផាន់ ហើយបច្ចុប្បន្នរថយន្តរបស់គេកំពុងត្រូវមន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេសថាតើត្រឹមត្រូវតាមស្ដង់ដារឬអត់។
យុវជន ឈួន សុផាន់ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសាធារណជន ជាពិសេសលោកអភិបាលខេត្តបន្ទាយមានជ័យផ្ទាល់ ហើយក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនមានបំណងយករថយន្តរបស់ពួកគេឲ្យសុផាន់ធ្វើការកែច្នៃផងដែរ៕