រាជធានីភ្នំពេញ ៖ នាឱកាសខួបកំណើតរបស់តារាភេទទី៣ ម៉ាដាម កុល កាលពីយប់ថ្ងៃទី២៨ ខែសីហា នាភោជនីយដ្ឋាន វីហ្វ្រេន បឹងត្របែក មានរឿងរ៉ាវខ្លះបានកើតឡើងគួរឱ្យចាប់អារម្មណ៍។ នៅក្នុងនោះម្ចាស់ខួបបាននិយាយរឿងបុគ្គលសំខាន់ចំនួន២នាក់ ដែលអ្នកណាក៏ស្គាល់ដែរ។
ម៉ាដាម កុល បានពញ្ញាក់អារម្មណ៍លោក កៅ សីហា ដោយរៀបចំឱ្យមានពិធីខួបកំណើត ដល់អ្នកដឹកនាំរឿង។ ម៉ាដាម កុល បាននិយាយទាំងអួលដើម.កថា មានតែលោក កៅ សីហា នេះហើយ វែកផ្លូវឱ្យនាងមានឱកាសឈរឈ្មោះលើសិល្បៈ។ មានរឿងខ្លះនាងធ្វើខុសចំពោះលោកសីហា តែលោកទទួលយកជេរស្តីខ្លះ ណែនាំខ្លះ។
បើទោះមិនទាន់អាចល្អលើសិល្បៈបែបណា ក៏នាងយល់ថា សិល្បៈបានប៉ុណ្ណឹង គឺប្រសើរតែម្តង។ មួយទៀតចំពោះ វី ឌីណែត វិញ នាងជាមិត្តភក្តិល្អទៅណាក៏ទៅជាមួយគ្នា ដោយណែត ក៏ឧស្សាហ៍ព្យាយាមឱ្យនាងចេះតស៊ូលើសិល្បៈ បើដាក់ចិត្តស្រឡាញ់។ បើស៊ូមិនយូរ មិនឆាប់នឹងបានលេចធ្លោលើអ្វីដែលយើងខិតខំ។
ទំរាំនាងមានថ្ងៃនេះ គឺនាងហែលឆ្លងនូវជីវិតពិបាកជាច្រើន ជាពិសេសគឺការមិនលើកទឹកចិត្តពីក្រុមគ្រួសារ ដោយសារតែនាងមានចរិតជាភេទទី3 តាំងពីនៅក្មេង។ ម៉ាដាម កុល បន្តថា នាងមានជំហា៑នក្លាយជាអ្នកសិល្បៈមកទល់ថ្ងៃនេះ គឺដោយសារតែនាងតស៊ូរៀនផាត់មុខ ហើយមានឱកាសបានផាត់មុខឱ្យសិល្បករនៅក្នុងភាពយន្តមួយចំនួន។
គាប់ជួនជាក្នុងមង្គលការតារាចម្រៀង សួស វីហ្សា នាងបានលេង Style សក់ធំម្ដង ទៅចូលរួមនៅក្នុងពិធីនោះ ហើយទទួលបានការចាប់អារម្មណ៍ផង ក៏ធ្វើឱ្យនាងចេះតែមានគំនិតរិះរក Style លេងម៉ូដសក់ប្លែកៗរហូតមក។
ជាសំណាងដោយ លោក កៅ សីហា ផលិតករហង្សមាសផ្ដល់ឱកាសឱ្យនាងបានថតម៉ូដ និងសម្ដែងជាហូរហែផង ទើបនាងបានក្លាយជាសិល្បការិនីមកទល់នឹងពេលនេះ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព