នៅព្រឹកនេះ ត្រូវនិងថ្ងៃទី៣១ សីហា មានកម្លាំងអាជ្ញាធររួមទាំងសមត្ថកិច្ច បានធ្វើការព័ទ្ធទីតាំងផ្សារធំបាត់ដំបង ដែលត្រូវភ្លើងឆេះ ដើម្បីត្រួតពិនិត្យបន្ត បន្ទាប់ពីភ្លើងបានរលត់ទៅវិញ ដោយមិនទាន់អនុញ្ញាតឱ្យនរណាម្នាក់ចូលទៅខាងក្នុងនោះទេសូម្បីតែម្ចាស់តូប ។ រីឯទំហំនៃការខូចខាតវិញ គឺនៅមិនទាន់ដឹងច្បាស់អស់ប៉ុន្មាននោះដែរ ។
បន្ទាប់ពីកើតហេតុនៅទីតាំងផ្សារធំបាត់ដំបង ដែលទើបតែឆេះនោះ ក៏សង្កេតឃើញរុមអាជីវករដែលពួកគាត់ជាម្ចាស់តូបនីមួយៗ បានត្រឹមសម្លឹងមើលពីខាងក្រៅទាំងក្នុងចិត្ត មានអារម្មណ៍សោកស្តាយ ក្តុកក្តួលក្រៀមក្រំរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះហេតុការណ៍ម្សិលមិញនេះ ។
បើតាមប្រភពបានបន្តថា ក្នុងពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលគាំទ្រដោយកម្លាំងយោធាផង បានប្រឹងប្រែងជួយពន្លត់អគ្គិភ័យដ៏សាហាវនេះ។ តាមការពិនិត្យជាក់ស្ដែង អគ្គិភ័យបានស៊ីអស់មួយផ្នែក នៃតួផ្សារប៉ែកខាងលិចស្ទើរទាំងស្រុង ។
ដោយ៖ត្នោត