អំពើហិង្សាបានផ្ទុះឡើង នៅភាគខាងត្បូងរបស់ប្រទេសម៉ិកស៊ិក ជាទីកន្លែងធ្លាប់មានការប្រឈមមុខតានតឹងដាក់គ្នា អស់ពេលយូរឆ្នាំមកហើយ រវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងនឹងគម្រោងស្ថានីយផលិតថាមពលប្រើប្រាស់ខ្យល់។
ប្រធានសហគមន៍ឈូងសមុទ្រប៉ាស៊ីហ្វិក តំបន់ San Mateo del Mar រដ្ឋ Oaxaca កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា បុរស១៣នាក់ និងស្ត្រី២នាក់បានស្លាប់ នៅក្នុងការវាយប្រហារបង្កឡើង ដោយក្រុមប្រឆាំង កាលពីថ្ងៃទី២១ ខែមិថុនា ។
ក្រុមប្រឆាំងដែលទទួលបានជោគជ័យ នៅក្នុងការតវ៉ាទៅលើគម្រោងផលិតថាមពលខ្យល់ ភាគច្រើននៅក្នុងតំបន់ជនជាតិភាគតិចនោះ បាននិយាយថា ក្រុមអ្នកគាំទ្ររបស់ប្រធានសហគមន៍ទៅវិញទេ ជាអ្នកបានវាយឆ្មក់មកលើទីតាំងពួកគេ ជាកន្លែងត្រួតពិនិត្យវីរុសកូវីដ១៩ ហើយបានចាប់ផ្តើមបាញ់ប្រហារ។ ក្រុមអ្នកប្រឆាំង បានអះអាងទៀតថា មនុស្សជាច្រើននាក់បានរងរបួស ប៉ុន្តែពួកគេមិនផ្តល់ចំនួនពិតប្រាកដថាមានប៉ុន្មាននាក់នោះឡើយ ។
មន្ត្រីក្នុងរដ្ឋភាគខាងត្បូងម៉ិកស៊ិក បានអះអាងថា មនុស្ស១៥នាក់បានស្លាប់ ។ រីឯកងកម្លាំងសមត្ថកិច្ចជាង១០០នាក់ ត្រូវបញ្ជូនទៅកាន់ទីតាំងកើតហេតុ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើការប្រឈមមុខដាក់គ្នា កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ស្ថិតនៅតំបន់ San Mateo del Mar បានចាប់ផ្តើមកើតចេញពីទីតាំងត្រួតពិនិត្យអនាម័យ ដែលកាលថ្មីៗនេះមានការរាតត្បាតវីរុសកូវីដ១៩ឬយ៉ាងណានោះទេ។
ក្នុងតំបន់នេះ មានការប្រឈមមុខដាក់គ្នា អស់រយ:ពេលយូរឆ្នាំមកហើយ រវាងក្រុមប្រឆាំង និងក្រុមគាំទ្រគម្រោងស្ថានីយផលិតថាមពលប្រើប្រាស់ខ្យល់។ ជម្លោះបានចាប់ផ្តើម តាំងពីឆ្នាំ២០១២មក នៅពេលដែលសម្ព័ន្ធក្រុមហ៊ុនមួយព្យាយាមបង្កើតស្ថានីយថាមពលប្រើប្រាស់ខ្យល់ ទំហំ៣៩៦មេហ្គាវ៉ាត់ នៅលើផ្ទៃដីតូចចង្អៀត តាមមាត់ទន្លេ ជិតទីក្រុង San Mateo ។
ក្រុមប្រឆាំងព្យាយាមបិទគម្រោងនេះ ដោយលើកហេតុផលថា វាប៉ះពាល់ដល់ការនេសាទត្រី ការធ្វើកសិកម្ម ក៏ដូចជា ប៉ះពាល់ដល់ជំនឿគោរពបូជាអារក្សអ្នកតាព្រៃភ្នំរបស់ពលរដ្ឋ នៅក្នុងតំបន់នោះ។
អ្នកស្រុករស់នៅក្នុងតំបន់ ភាគច្រើនជាជនជាតិភាគតិច Ikoots ឬពេលខ្លះហៅថា Huaves ៕ ប្រែសម្រួលដោយ៖ thach yat