ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី៣១ ខែសីហានេះថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ១នាក់ លើបុរសជនជាតិបារាំង និងព្យាបាលជាសះស្បើយ ១ នាក់ផងដែរ ខណៈអ្នកកំពុងតែព្យាបាលនៅសល់ ៨នាក់ដដែល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិបារាំងដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
ចំណែកឯបុរសដែលជាបានព្យាបាលជាសះស្បើយ ជាជនជាតិចិន អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ៕ ដោយ៖ ត្នោត