ជនអនាថាម្នាក់ត្រូវបានចាប់ខ្លួននៅព្រឹកនេះ ក្នុងទីក្រុង Pattaya ពីបទប្រើដុំឥដ្ឋវាយបំបែកកញ្ចក់រថយន្តមួយគ្រឿងដែលកំពុងចតនៅលើផ្លូវក្បែរឆ្នេរ Pattaya។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រនៅលើផ្លូវក្បែរឆ្នេរ Pattaya។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានអាយុប្រហែល ៣៥ ឆ្នាំ ហាក់ដូចជាមានជំងឺផ្លូវចិត្តព្រមទាំងមិនអាចឆ្លើយសំនួររបស់ប៉ូលិសបាន។ អ្នកស្រី Sirikwan Srivech អាយុ ៣០ ឆ្នាំជាម្ចាស់រថយន្តដែលរងការខូចខាតនោះ មិនបានឃើញជនល្មើសយកដុំឥដ្ឋគប់លើឡានផ្ទាល់ភ្នែកទេ ប៉ុន្តែអ្នកស្រីបានឮសំឡេងបែកកញ្ចក់ឡាន ហើយក៏បានរត់ទៅកន្លែងកើតហេតុភ្លាមៗព្រមទាំងទូរសព្ទទៅប៉ូលិសក្រុង Pattaya បន្ទាប់ពីបានឃើញ កញ្ចក់ឡានរបស់អ្នកស្រីបានបែក។ លោកស្រី Sirikwan បានបញ្ជាក់ថា អ្នកស្រីមិនមានគំនុំ ឬធ្លាប់ជួបជនសង្ស័យពីមុនឡើយ។
ជនសង្ស័យត្រូវបានចាប់ខ្លួន និងត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុង pattaya។ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យនឹងត្រូវប្រឈមមុខការចោទប្រកាន់ផ្លូវច្បាប់និងត្រូវទទួលការព្យាបាលផ្លូវចិត្តផងដែរ។ ជនល្មើសដដែលនេះក៏ធ្លាប់ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានសប្តាហ៍មុនពីបទគប់ដុំថ្មទៅលើរថយន្តដែលកំពុងបើកបរនៅលើផ្លូវជាតិលេខ ២ ក្នុងក្រុង pattaya ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news