ពេលដែលលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និងអ្នកស្រី មេលីនដា ហ្គេតស៍ (Melinda Gates) រៀបអាពាហ៍ពិពាហ៍ ឪពុកម្តាយរបស់លោក ប៊ីល បានឲ្យអំណោយដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺរូបចម្លាក់បក្សីមួយគូនៅជិតគ្នា ។ ២៤ឆ្នាំក្រោយមក អ្នកស្រី មេលីនដា បាននិយាយថារូបចម្លាក់នេះនៅមុខផ្ទះរបស់អ្នកទាំងពីរនៅឡើយ ។
អ្នកស្រីធ្លាប់បានសរសេរកាលពីឆ្នាំ ២០១៨ ថា «ខ្ញុំគិតពីវារាល់ដង ព្រោះពួកយើងកំពុងមើលទៅកាន់ទិសតែមួយ» ។ក្រៅពីជាគូស្វាមីភរិយា និងជាឪពុកម្តាយរបស់កូនៗទាំងបីរូបហើយ អ្នកទាំងពីរបានសហការគ្នាអស់រយៈពេលជាច្រើនឆ្នាំក្នុងការគ្រប់គ្រងមូលនិធិសប្បុរសធម៌ Bill & Melinda Gates Foundation ។ ប៉ុន្តែគូស្វាមីភរិយានេះទទួលស្គាល់ថាវាមិនងាយស្រួលទេ ជាពិសេសនៅពេលដែលពួកគេមានកូនៗ ។ ដូច្នេះតើអ្នកទាំងពីរប្រឈមមុខនឹងជម្លោះក្នុងគ្រួសារយ៉ាងដូចម្តេច? ចម្លើយរបស់អ្នកទាំងពីរអាចទុកជាមេរៀនសំខាន់សម្រាប់មនុស្សដទៃបានព្រោះវាទាក់ទិននឹងភាពឆ្លាតវៃផ្នែកអារម្មណ៍ ។ វាជាសមត្ថភាពក្នុងការដឹង យល់ និងគ្រប់គ្រងអារម្មណ៍ ។ គុណសម្បត្តិនេះមានសារៈសំខាន់ណាស់ពេលដែលអ្នកត្រូវធ្វើការជាក្រុម ព្រោះអារម្មណ៍របស់មនុស្សដើរតួយ៉ាងសំខាន់ ។
ការព្យាយាមយល់ចិត្តអ្នកដទៃជាគុណសម្បត្តិមួយដែលមនុស្សភាគច្រើនចង់ឲ្យអ្នកដទៃមាន តែខ្លួនឯងផ្ទាល់មិនទាន់មានផង។ អ្នកស្រីមេលីនដាធ្លាប់បានចែករំលែកថា «ខ្ញុំស្រលាញ់ប៊ីលព្រោះលោកមានបេះដូងដ៏មេត្តាមួយ ចេះស្តាប់អ្នកដទៃ និងអនុញ្ញាតឲ្យខ្លួនលោកផ្ទាល់រំភើបចិត្តព្រោះអ្នកដទៃ ។ ពេលដែលខ្ញុំនិយាយពីរឿងមួយដែលខ្ញុំបានមើលឃើញ លោកយល់អារម្មណ៍របស់ខ្ញុំ ។ លោកអាចនឹងសួរឲ្យខ្ញុំប្រមូលទិន្នន័យខ្លះៗសិន ប៉ុន្តែលោកមិនដែលមិនជឿទុកចិត្តបទពិសោធន៍ ឬការវាយតម្លៃរបស់ខ្ញុំទេ» ។
គុណសម្បត្តិនេះជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ព្រោះពេលដែលមនុស្សម្នាក់ដាក់ចិត្តព្យាយាមយល់ពីអារម្មណ៍របស់អ្នក អ្នកក៏ព្យាយាមធ្វើដូចគ្នាដាក់អ្នកដទៃដែរ ។ ក្រៅពីនេះហើយ អ្នកទាំងពីរជាមនុស្សដែលចូលចិត្តផ្តល់មតិយោបល់ស្ថាបនាដល់អ្នកដទៃ និងឲ្យគ្នាទៅវិញទៅមក។ លោក ប៊ីល បាននិយាយថា លោកពឹងផ្អែកលើភរិយាពេលដែលលោកមានអារម្មណ៍ចង់ធ្វើអ្វីមួយ ។ លើសពីនេះទៅទៀត ភរិយារបស់លោកជួយឲ្យលោកយល់ពីពេលដែលលោកអាចជំរុញឲ្យអ្នកដទៃខិតខំបន្ថែម និងពេលដែលលោកត្រូវកាត់បន្ថយភាពតានតឹងបន្តិច ។ ចុងក្រោយ គឺអ្នកទាំងពីរតែងតែគោរពអ្នកដទៃ និងគោរពគ្នាទៅវិញទៅមក ។ អ្នកស្រីមេលីនដាបាននិយាយថា អ្នកស្រីពិតជាអរគុណណាស់ដែលអ្នកស្រី និងស្វាមីសម្រេចបានសមភាពក្នុងអាពាហ៍ពិពាហ៍អ្នកទាំងពីរ និងក្នុងការងារផងដែរ ។ពេលដែលមនុស្សម្នាក់មានអារម្មណ៍ថាពួកគេត្រូវបានអ្នកដទៃគោរព និងផ្តល់តម្លៃឲ្យ ពួកគេនឹងដាក់ចិត្ត និងកាយក្នុងការងារ និងក្នុងការសហការក្នុងក្រុម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព