បុរសម្នាក់ដាក់ពាក្យប្តឹងនាយរងប៉ុស្តិ៍សង្កាត់និមិត្ត បន្ទាប់ពីមានករណីផ្ទុះអាវុធបណ្តាលឱ្យកូនគាត់របួស
ឪពុកបុរសម្នាក់ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២៧ សីហា ២០២០នៅភូមិនិមិត្ត១ សង្កាត់និមិត្តក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្តឹងទៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ដើម្បីទាមទាររកយុត្តិធម៌ រឿងប្រើអាវុធខ្លីបាញ់១គ្រាប់ បណ្តាលឱ្យកូនគាត់របួសសម្រាកនៅមន្ទីរពេទ្យ។
ប្រជាការពារភូមិ នួន វ័រ អាយុ៤៩ឆ្នាំ ដែលជាឪពុកជនរងគ្រោះបានឱ្យដឹងថា កូនគាត់ត្រូវគេបាញ់ដោយអាវុធខ្លីរបួស១គ្រាប់ ពីក្រោយខ្នងផ្នែកខាងស្តាំបញ្ឆិតខាងឆ្វេងបៀមគ្រាប់ក្រោមឃ្លៀកខាងស្តាំ តែពេលនេះគ្រូពេទ្យ ធ្វើការវះកាត់យកក្បាលគ្រាប់ចេញរួចហើយ។
បើតាមការសាកសួរពីជនរងគ្រោះដែលជាកូន នាង មករា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅលេងផ្ទះមិត្តភក្តិ ដូចសព្វមួយដង។ ជនរងគ្រោះបានជិះម៉ូតូតាមមិត្តភ័ក្តពីក្រោយ លុះមកដល់ចំណុចកើតហេតុ សមត្ថកិច្ចម្នាក់បានឃាត់ជនរងគ្រោះ ដើម្បីសួរនាំ។ ខណៈនោះមិត្តភក្តិជនរងគ្រោះ ក៏បើកត្រឡប់មកវិញ ហើយសួរសមត្ថកិច្ចថាមានរឿងអីបង? សមត្ថកិច្ចម្នាក់នោះឆ្លើយថា មិនមានរឿងអ្វីទេ។
ជនរងគ្រោះក៏បានឈប់ និងអង្គុយលើម៉ូតូ ស្រាប់តែសមត្ថកិច្ចខាងលើនិយាយថា ហែងខ្លាំងអី,អាងអី?ចុះពីលើម៉ូតូមើល៍!! កូនគាត់ក៏តបវិញថា ឲ្យខ្ញុំចុះធ្វើអីទៅផ្ទះហើយៗ ពេលបើកម៉ូតូចេញស្រាប់តែសមត្ថកិច្ចរូបនេះបាញ់ពីក្រោយ បណ្តាលឲ្យរបួសតែម្តង ។
ក្រោយសាកសួរតាមទូរស័ព្ទលោក ម៉ា រិន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្ត បានទទួលថា ករណីផ្ទុះអាវុធរបួសបុរសម្នាក់ពិតជាកើតមានមែន។ លោកនាយប៉ុស្តិ៍បានលើកឡើងថា នេះជាករណីក្មេងទំនើង ព្រោះសមត្ថកិច្ចចុះល្បាតម្នាក់ឯង។
ជុំវិញហេតុការណ៍នេះ លោកនាយប៉ុស្តិ៍មិនបានដឹងពីការដោះស្រាយយ៉ាងណានោះទេ ព្រោះសំណុំរឿងនេះ បានបញ្ជូនទៅកាន់រួចហើយ ។ដោយ៖ត្នោត