Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ចង់​ឲ្យ​ឯកភាព​គ្នា លើ​ការ​សរសេរ​ឈ្មោះ​ខេត្ត និង​ទីតាំង​ជា​អក្សរ​ឡា​តាំង

រាជធានី​ភ្នំពេញ ៖​ក្នុង​បំណង​ស្វែងរក​ការ​ឯកភាព​គ្នា​ក្នុង​ការ​សរសេរ​អក្សរ​ឡា​តាំង​លើ​ឈ្មោះ​ខេត្ត និង​ទីតាំង​សាធារណៈ​នានា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​រៀបចំ​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី «​បទ​ពិសោធន៍ និង​បញ្ហា​គោលការណ៍​ក្នុង​ការ​ប្រើប្រាស់​អក្សរ​ឡា​តាំង សម្រាប់​កត់​សូរ​ភាសា​ខ្មែរ ករណី​អសា​ធារ​នាម​» ។ កិច្ច​ពិភាក្សា​នោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ។

រាជបណ្ឌិត្យសភាកម្ពុជា​ផ្សាយ​ថា​ដោយ​បាន​ពិនិត្យ​មើលឃើញ​ថា ក្នុង​ពេល​កន្លង​មក ការ​ប្រើ​អក្សរ​ឡា​តាំង​ក្នុង​ការ​សរសេរ​អសាធារណនាម​ខ្មែរ​មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ ហេតុនេះ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​សម្រេច​រៀបចំ​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី «​បទ​ពិសោធន៍ និង​បញ្ហា​គោលការណ៍​ក្នុង​ការ​ប្រើប្រាស់​អក្សរ​ឡា​តាំង សម្រាប់​កត់​សូរ​ភាសា​ខ្មែរ ករណី​អសា​ធារ​នាម​» ដើម្បី​ស្វែងរក​មតិយោបល់​និង​អនុសាសន៍​ពី​អ្នកចូលរួម ជា​ពិសេស​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នឹង​ការ​ប្រើប្រាស់​អក្សរ​ឡា​តាំង​សម្រាប់​សរសេរ​អសារ​ណ​នាម ដើម្បី​ពង្រីក​គំនិត និង​ទស្សនៈ​ក្នុង​ការ​កែ​លម្អ និង​សម្រេច​បាន​នូវ​គោលការណ៍​រួម​មួយ​សម្រាប់​ខែ្ម​រ ។

នៅ​កិច្ច​ពិភាក្សា​តុមូល​ដែល​បាន​ប្រារព្ធ​រៀបចំ​ឡើង​នៅ​ក្នុង​សាល​មរតក​សិល្បៈ​ខ្មែរ ឯកឧត្តម​បណ្ឌិត​ហ៊ាន សុខុម ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ថ្លែង​ថា ក្នុង​សម័យ​សាកល​ភាវូបនីយកម្ម ការ​ប្រើប្រាស់​អក្សរ​ឡា​តាំង​សម្រាប់​សរសេរ​អសាធារណនាម​ខ្មែរ​មាន​ភាព​ចាំបាច់ ។ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ការ​ប្រើប្រាស់​ឈ្មោះ​ជា​អក្សរ​ឡា​តាំង​ក៏​ចាំបាច់​ណាស់​ដែរ ក្នុង​ការ​ធ្វើ​លិខិតអត្រានុកូលដ្ឋាន លិខិតឆ្លងដែន​ជាដើម ។ ម្យ៉ាងទៀត​តម្រូវការ​សរសេរ​ឈ្មោះ​ខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជា​អក្សរ​ឡា​តាំង​ក៏​មាន​ភាព​ចាំបាច់​ដូច​គ្នា ។

ឯកឧត្តម​បណ្ឌិត​ហ៊ាន សុខុម បាន​លើក​ឡើង​បន្ថែម​ថា​៖«​កន្លង​មក​ការ​ប្រើ​អក្សរ​ឡា​តាំង​ក្នុង​ការ​សរសេរ​អសាធារណនាម​ខ្មែរ មិន​ទាន់​មាន​ឯកភាព​គ្នា​នៅឡើយ​ទេ​។ ចំពោះ​ការ​កត់​សូរ​ឈ្មោះ​ខេត្តតាកែវ មាន​សំ​ណេ​រ​ដោយ​ប្រើ​អក្សរ​ឡា​តាំង​ច្រើន​បែប «Takeo» «Takaev» និង «Takev» រីឯ​ឈ្មោះ​ខេត្តក្រចេះ មាន​សំ​ណេ​រ​ដោយ​ប្រើ​អក្សរ​ឡា​តាំង​«Kratie» និង «Krachech» ។ ហេតុនេះ​កិច្ច​ពិភាក្សា​តុមូល​នេះ នឹង​បង្ហាញ​ដល់​សាធារណជន​អំពី​ប្រវត្តិ ទំនោរ និង​បទ​ពិសោធន៍​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ប្រើ​អក្សរ​ឡា​តាំង សម្រាប់​សរសេរ​អសាធារណនាម និង​សំណើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​នេះ ឯកឧត្តម​បណ្ឌិត ហ៊ាន សុខុម រំពឹង​ជឿជាក់​ថា នឹង​ទទួល​បាន​មតិយោបល់ និង​អនុសាសន៍​ពី​អ្នកចូលរួម ជា​ពិសេស​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អក្សរ​ឡា​តាំង សម្រាប់​សរសេរ​អសាធារណនាម​ដើម្បី​ពង្រីក​គំនិត និង​ទស្សនៈ​ក្នុង​ការ​កែ​លម្អ និង​សម្រេច​បាន​នូវ​គោលការណ៍​រួម​មួយ​សម្រាប់​ជនជាតិ​ខ្មែរ ដែល​ជា​ម្ចាស់​ភាសា​អាច​ទទួលយក​បាន​ដោយ​សុទ្ធចិត្ត ។

ចូលរួម​កិច្ច​ពិភាក្សា​តុមូល​ប្រមាណ​១០០​នាក់ រួម​មាន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា វាគ្មិន​មក​ពី​ក្រសួង​ពាក់ព័ន្ធ ក្រសួង​អប់រំ​, ក្រសួងផែនការ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​មន្ត្រី​ស្រាវជ្រាវ និង​និស្សិត ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9638374