ភ្នំពេញ៖ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា ថ្មីៗនេះ នៅលើបណ្តាញសង្គម មានការផ្ទុះរឿងមួយទាក់ទិនទៅនឹងករណីឪពុកបង្កើត សម្លាប់កូនស្រី ៣នាក់ខ្លួនចោល រួចក៏សម្លាប់ខ្លួនឯងចោលតាមក្រោយ ដោយបន្សល់ទុកតែប្រពន្ធរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។
យ៉ាងណាមិញ ជុំវិញរឿងនេះ អ្នកស្រី ទ្រី ដាណាក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ថា៖ “ជីវិតគាត់ មិនខុសនាងបដាចារទេ អាណិតណាស់ បាត់បង់កូនស្រីទាំង៣ ដែលខំថ្នមបីបាច់ថែរក្សាមករាប់ឆ្នាំ ហើយឃាតករជាប្ដីរបស់ខ្លួនឯងទៀត មិននឹកស្មានថាមានរឿងសាហាវបែបនេះកើតឡើង រឿងកើតឡើងបែបនេះហើយ នៅមានអ្នកសង្ស័យច្រើនទៀត ខ្ញុំអានហើយ គឺប្ដីគាត់អ្នករត់ម៉ូតូកង់បីចេះតែឈ្លោះ គំរាមគាត់រឿងសម្លាប់កូនៗនេះ ហើយអ្នកជិតខាងក៏ថាដូចគ្នាដែរ។ ឥឡូវកើតឡើងមែន លោកអើយ។ មានតែនាំគ្នាជួយផ្ដល់កម្លាំងចិត្តដល់គាត់ ដើម្បីគាត់មានកម្លាំងបន្តដំណើរទៅមុខទៀត។ នាងខ្ញុំ សូមរំលែកទុក្ខផងបងស្រី រឹងមាំឡើង ហើយនាងខ្ញុំសូមចូលបុណ្យ 1000$ សង្ឃឹមថាអាចជួយចាត់ចែងសម្រួលបានខ្លះ៕”