លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ Amazon បច្ចុប្បន្ននេះមានទ្រព្យសម្បតិ្តសរុបប្រមាណ ២០២ប៊ីលានដុល្លារទៅហើយបើយោងទៅតាម Bloomberg Billionaires Index ។ លោក បេសូស គឺជាបុគ្គលដំបូងគេបង្អស់ដែលមានទ្រព្យសម្បត្តិលើស ២០០ប៊ីលានដុល្លារ និងបច្ចុប្បន្ន លោកគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកផងដែរ ។
លោក បេសូស គិតថា ភាពជោគជ័យរបស់ក្រុមហ៊ុន និងរបស់លោកកើតឡើងព្រោះតែការសម្រេចចិត្តល្អៗរបស់លោក ។លោកបាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៨ ថា «រាល់ការសម្រេចចិត្តល្អបំផុតរបស់ខ្ញុំក្នុងអាជីវកម្ម និងក្នុងជីវិតត្រូវបានសម្រេចឡើងដោយប្រើបេះដូង និងអារម្មណ៍ មិនមែនការវិភាគទេ» ។
លោកបានបន្តទៀតថា ពេលដែលអ្នកអាចធ្វើការសម្រេចចិត្តមួយដោយប្រើការវិភាគ អ្នកគួរតែធ្វើដូច្នេះទៅ ប៉ុន្តែការសម្រេចចិត្តដែលសំខាន់ជាងគេក្នុងជីវិតគឺត្រូវបានសម្រេចឡើងដោយប្រើសភាវគតិ អព្ភន្តរញ្ញាណ ចំណូលចិត្ត និងបេះដូង ។
លោកធ្លាប់បានចែករំលែកទៀតថា ប្រសិនបើមិនមានអព្ភន្តរញ្ញាណទេនោះ Amazon ប្រហែលជាមើលរំលងការប្រទះឃើញធំៗដែលបាននាំយកភាពជោគជ័យឲ្យពួកគេ ។ ឧទាហរណ៍ដូចជា ការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យមាន Amazon Prime ដែលជាការបង់ថ្លៃសមាជិកមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានការដឹកជញ្ជូនលឿនជាដើម ។ ការសម្រេចចិត្តមួយនេះត្រូវបានធ្វើឡើងដោយយោងតាមអព្ភន្តរញ្ញាណ ។
ពេលនោះមិនមាននរណាម្នាក់ក្នុងក្រុមហ៊ុនដែលយល់ស្របនឹងលោកក្នុងការបង្កើតឲ្យមាន Amazon Prime ទេ ហើយការវិភាគទាំងអស់បង្ហាញមកថាក្រុមហ៊ុននឹងខាតបង់ថែមទៀត ។ ប៉ុន្តែលោកបេសូសបានសម្រេចចិត្តតាមអារម្មណ៍របស់លោក និងទទួលបានការជោគជ័យពិតមែន ។
បច្ចុប្បន្នមានមនុស្សប្រមាណ ១៥០លាននាក់ដែលបានចុះឈ្មោះបង់ថ្លៃដើម្បីក្លាយជាសមាជិក Amazon Prime ជុំវិញពិភពលោក ។ ប្រាក់ចំណូលដែលបានពីសមាជិកនេះ ព្រមទាំងសេវាកម្មដទៃទៀតស្មើ ៥.២៤ប៊ីលានដុល្លារឯណោះនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ ។
លោកបេសូសបានបន្ថែមទៀតថា មនុស្សដៃគិតថា Amazon ពឹងផ្អែកលើទិន្នន័យច្រើនណាស់ ប៉ុន្តែការសម្រេចចិត្តធំៗមិនអាចពឹងផ្អែកតែលើទិន្នន័យបានទេ ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព