ការបាក់ទឹកចិត្ត ឬបាត់បង់ជំនឿចិត្តលើខ្លួនឯងតែងតែកើតមានឡើងម្តងម្កាលសម្រាប់មនុស្សម្នាក់ៗ ។ ប៉ុន្តែអារម្មណ៍ទាំងនេះភាគច្រើនកើតមានឡើងក្នុងចំណោមមនុស្សដែលមានគោលដៅច្រើនក្នុងជីវិត ។ អ្នកទាំងនេះអាចនឹងគិតថាពួកគេមិនស័ក្តិសមនឹងទទួលបានការឡើងឋានៈ ឬការទទួលស្គាល់ផ្សេងៗពីអ្នកដទៃ ។
ដើម្បីចៀសវាងអារម្មណ៍ទាំងនេះ អ្នកអាចសាកល្បងអនុវត្តតាមគន្លឹះខាងក្រោមនេះ ៖
១. កុំដើរតួជាទស្សនិកជនច្រើនពេក
អារម្មណ៍ខាងលើមានរូបរាងជាច្រើន ។ អ្នកអាចនឹងមិនចង់ចូលរួមកិច្ចប្រជុំបន្ទាប់ ឬដកខ្លួនចេញពីការធ្វើបទបង្ហាញសំខាន់ៗ ។ អ្នកអាចនឹងគិតពីមតិយោបល់ដែលអ្នកនឹងទទួលបានមុនពេលធ្វើអ្វីមួយ ។ ឬអ្នកអាចដើរចេញពីអង្គប្រជុំដោយស្តាយក្រោយពីចម្លើយដែលអ្នកបានឆ្លើយតបនឹងអ្នកចូលរួមដទៃជាដើម ។
ដើម្បីចៀសវាងបញ្ហាទាំងនេះ អ្នកត្រូវកាត់បន្ថយការដើរតួជាទស្សនិកជនចាំមើលអ្នកដទៃ ។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមនិយាយមុនគេដើម្បីចៀសវាងអស់អ្វីដែលត្រូវនិយាយ ។
២. ចាំមើលសញ្ញាពីមនុស្សជុំវិញខ្លួនអ្នក
សម្រាប់មនុស្សជាច្រើន ការបាត់បង់ជំនឿចិត្តនេះកើតមានឡើងព្រោះតែពួកគេគិតថាពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើអ្វីមួយ ។ ប៉ុន្តែអារម្មណ៍នេះអាចឆ្លងផុតបានដោយការទទួលយកជំនឿចិត្ត និងការជំរុញលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនអ្នក ។
៣. ចៀសវាងការប្រើភាសាដែលជាន់ឈ្លីខ្លួនឯង
អ្វីដែលអ្នកអាចធ្វើជារៀងរាល់ថ្ងៃដើម្បីបង្កើនជំនឿទុកចិត្តលើខ្លួនឯងនោះ គឺការកាត់បន្ថយភាសាដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត ។ ពេលដែលអ្នកកំពុងបកស្រាយអ្វីមួយ អ្នកគួរតែចៀសវាងសួរខ្លួនឯងនូវសំណួរមួយចំនួនដូចជា «តើអ្នកដទៃស្តាប់យល់ទេ?» ឬ «តើវាជាគំនិតមិនល្អមែនទេ?» ជាដើម ។
ផ្ទុយមកវិញ អ្នកត្រូវតែបញ្ជាក់ប្រាប់ខ្លួនឯងថាអ្នកស្តាប់ពិតជាយល់នូវអ្វីដែលអ្នកចង់បកស្រាយពិតមែនដោយសួរទៅកាន់ពួកគេថា «តើអ្នកគិតយ៉ាងដូចម្តេច?» ឬ «តើអ្នកមានសំណួរ ឬទេ?» វិញ ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព