ពាក់ព័ន្ធមន្ត្រីនគរបាលស័ក្តិ៣ម្នាក់លេងល្បែងស្នេហាត្រីកោណទៅមានស្រីកំណាន់ ធ្វើឲ្យប្រពន្ធឈឺចិត្តស្ទើរបែកថ្លើមប្រមាត់ និងបានទទូចស្នើសុំថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឱ្យផងនោះ ពេលនេះឈានដល់ដំណាក់កាលប្រពន្ធដើមសុំលែងលះ និងទាមទារលុយចិញ្ចឹមកូន គិតត្រឹមថ្ងៃទី២៩ សីហា នេះ ។ សូមរំលឹកថា៖ ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់មេបាកាច់ សែនយកគ្នាមែនទែន។
ប្រភពពីស្ត្រីប្រពន្ធដើមឈ្មោះ ម៉ៃ ម៉ាឡែន បានឱ្យដឹងថា បច្ចុប្បន្នរស់នៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នាងបានរៀបការជាមួយឈ្មោះ ប៉ែន ចាន់ នៅថ្ងៃទី០៨ មេសា ឆ្នាំ២០១២ នៅក្នុងអាពាហ៍ពិពាហ៍របស់នាងរហូតមកដល់បច្ចុប្បន្ននេះ បានបន្សល់ទុកនូវកូនប្រុសស្រីចំនួនពីរនាក់ ជាចំណងដៃ កូនទី១-ឈ្មោះ ចាន់ សុងហ៊ាងឡេង ភេទស្រី អាយុ៨ឆ្នាំ និងកូនទី២-ឈ្មោះ ចាន់ សេរីសត្យា ភេទប្រុស អាយុ១ឆ្នាំកន្លះ ។
ចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកនាងខិតខំធ្វើការងារគ្រប់បែបយ៉ាងដើម្បីគ្រួសារ រហូតប្តីនាងមានឋានន្តរស័ក្តជាលោកអនុសេនីយ៍ឯក(ពាក់ស័ក្ត៣)ជាមន្ត្រីនគរបាលប្រចាំការនៅប៉ុស្តិនគរបាលរដ្ឋបាលក្រវ៉ា ឃុំក្រវា ស្រុកបារាយណ៍ ។ លុះមួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០១៧មក ប្តីគាត់ឈ្មោះ ប៉ែន ចាន់ បានលួចផិតក្បត់ចិត្តប្រពន្ធកូនទៅមានសហាយស្មន់ជាមួយស្ត្រីម្នាក់ជាគ្រូបង្រៀនឈ្មោះ គិន កាលី បង្រៀននៅសាលាបឋមសិក្សារូង ឃុំក្រវា រស់នៅភូមិឃុំជាមួយគ្នា ទុកឲ្យរូបនាងនិងកូនពីរនាក់រស់នៅឯកការ និងរកលុយដោះបំណុលធនាគារឯកជន។
ស្ត្រីជាប្រពន្ធស្របច្បាប់បានឱ្យដឹងថា បើមិនមានបញ្ហាធំដុំកើតឡើងនៅក្នុងគ្រួសារនោះទេ ក៏គ្មានស្រីណាដាច់ចិត្តបែកបាក់ប្តីប្រពន្ធនោះឡើយ!មូលហេតុដែលខ្ចីលុយធនាគារឯកជនចំនួន១ម៉ឺនដុល្លារនេះ គឺប្តីគាត់យកប្លង់ដីទៅដាក់ខ្ចីលុយធនាគារឯកជន ដើម្បីមើលជំងឺរបស់គាត់ លុះដល់មើលជំងឺជាហើយ បែរជាប្ដីចុះចោលប្រពន្ធកូន យកលុយដែលនៅសល់ ទៅរៀបសែនព្រេនជាមួយគ្រូបង្រៀនម្នាក់ជាស្រីស្នេហ៍ធ្វើជាប្រពន្ធម្នាក់ទៀត ។
ទាក់ទិនករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការស្តីទីនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំបានប្រាប់កោះសន្តិភាពឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៩ សីហា ថា រឿងលោកអនុសេនីយ៍ឯក ប៉ែន ចាន់ថា គ្រាន់តែជាមន្ត្រីនគរបាលប៉ុស្តិ៍ធម្មតាតែប៉ុណ្ណោះ ដោយសារតែកន្លងមក ការងាររបស់គាត់ធ្វើបានល្អ ទើបឋានន្តរស័ក្តស្មើនឹងមេប៉ុស្តិ ហើយមន្ត្រីប៉ុស្តិឡើងស័ក្តអស់ហើយត្រឺមអនុសេនីយ៍ឯកហ្នឹង ។
ចំណែករឿងដែលលោកប៉ែន ចាន់ មានស្រីនោះ លោកបានទទួលរបាយណ៍ពីខាងអធិការនគរបាលស្រុកបារាយណ៍រួចអស់ហើយពីបញ្ហាកោះហៅលោក ប៉ែន ចាន់ មកធ្វើកិច្ចសន្យាអប់រំ ។ ហើយខាងអាជ្ញាធរឃុំក្រយា ក៏បានហៅទៅសម្របរម្រួលដែរ ឲ្យឈប់ប្រព្រឹត្តអំពើក្បត់ចិត្តប្រពន្ធកូននេះ តែត្រង់ថា ភាគីទាំងសង់ខាងសុខចិត្តឬមិនសុខចិត្ត គឺជាសិទ្ធរបស់ពួកគាត់នោះទេ បើពួកគាត់មិនសុខចិត្ត មានសិទ្ធិប្តឹងទាមទារអ្វីៗទៅតុលាការបន្តទៀតទៅ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព