ក្រោយមានការគំរាមកំហែងទៅលើប្រទេសវេណេហ្ស៊ុយអេឡារួចមក តែរហូតមកដល់ពេនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រលយពាក្យថា លោកចង់ជួបពិភាក្សាជាមួយនឹងសមភាគី នៃប្រទេសអាមេរិកឡាទីនមួយនេះ។
យោងតាមភ្នាក់ងារសារព័ត៌មាន Tass បានផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រលយពាក្យពីលទ្ធភាព នៃការជួយជាមួយនឹងប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។
លោកប្រធានាធិបតីអាមេរិក បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយ Axios ថា ខ្ញុំអាចនឹងគិតអំពីរឿងជំនួបជាមួយនឹងលោក ម៉ាឌូរ៉ូ។ ដូចអ្នកដឹងហើយថា ខ្ញុំមិនដែលជំទាស់អំពីជំនួបនេះទេ ហើយខ្ញុំកម្រជំទាស់នឹងបញ្ហានេះណាស់។ ប៉ុន្ដែខ្ញុំប្រឆាំងចំពោះអ្វីដែលកើតឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
ស្ថានភាពនយោបាយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានកើតមានបញ្ហាវឹកវរ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខណ:អតីតតំណាងរាស្រ្ដ លោក Juan Guaido ប្រកាសខ្លួនលោកជាប្រធានាធិបតី បណ្ដោះអាសន្ន នៃប្រទេសនេះ។ ជាមួយគ្នានេះដែរ អាមេរិក និងសម្ពន្ធមិត្ត ក៏បានទទួលស្គាល់លោន ជួន កៃដូ ជាប្រមុខរដ្ឋ។
ដោយឡែករុស្ស៊ី ចិន អ៊ីរ៉ង់ និងតួកគី នៅតែបន្ដគាំទ្រលោក Maduro ហើយប្រទេសនេះបានហៅស្ថានការណ៍ខាងលើ ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងអាមេរិក។ រីឯអាមេរិក ក៏បានដាក់ទណ្ឌកម្មទៅលើប្រទេសនេះបន្ថែមទៀតផងដែរ៕ ប្រែសម្រួលដោយ Nuon